អាមេរិក ៖ នាយកប្រតិបត្តិ ក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk បានផ្តល់ពាក្យសរសើរមួយចំនួន ដល់សហស្ថាបនិក Telegram និងជានាយកប្រតិបត្តិក្រុមហ៊ុន Telegram លោក Pavel Durov បន្ទាប់ពីក្រុមហ៊ុន របស់សហគ្រិនដើមកំណើតរុស្ស៊ី បានប្រែក្លាយប្រាក់ចំណេញ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៃការរកប្រាក់រយៈពេល ៣ ឆ្នាំរបស់ខ្លួន យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។
លោក Durov បានប្រកាសព័ត៌មាននេះលើការបង្ហោះបណ្តាញសង្គម X កាលពីថ្ងៃចន្ទ ដោយពណ៌នាឆ្នាំ ២០២៤ ថាជា “ឆ្នាំដែលជោគជ័យខ្លាំង” លោកបានពន្យល់ថា កម្មវិធីផ្ញើសារដែលផ្តោតលើឯកជនភាពរកប្រាក់ចំណូលបានជាង១ ពាន់លានដុល្លារក្នុងឆ្នាំនេះ ហើយថា យើងកំពុងបិទឆ្នាំជាមួយនឹងប្រាក់បម្រុងសាច់ប្រាក់ច្រើនជាង ៥០០ លានដុល្លារ ដោយមិនរាប់បញ្ចូលទ្រព្យសម្បត្តិគ្រីបតូ។
លោក Musk បានឆ្លើយតប នៅក្រោមការបង្ហោះរបស់ Durov ថា “ធ្វើបានល្អ” ។ ទោះបីជាមានសមិទ្ធិផល របស់ក្រុមហ៊ុន របស់គាត់ក៏ដោយ លោក Durov បានប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរនៅឆ្នាំនេះ។ កាលពីខែសីហា លោក Durov ត្រូវបានឃុំខ្លួន បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានប៉ារីស ហើយត្រូវបានដោះលែង ឲ្យនៅក្រៅឃុំប៉ុន្មានថ្ងៃក្រោយមក។ លោក Durov ប្រឈមមុខ នឹងការចោទប្រកាន់ព្រហ្មទណ្ឌ ចំនួន ១២ រួមទាំងភាពស្មុគស្មាញក្នុងការ ចែកចាយរូបភាព អាសអាភាស របស់កុមារ ការជួញដូរគ្រឿងញៀន និងការលាងលុយ។
រដ្ឋអាជ្ញាបារាំងបានអះអាងថា ច្បាប់ នៃការសម្របសម្រួល ដ៏ធូររលុងរបស់ Telegram បានធ្វើឲ្យឧក្រិដ្ឋកម្មដ៏ច្រើន សន្ធឹកសន្ធាប់រីក ដុះដាលនៅលើវេទិកា ។ លោក Durov បានផ្តល់សក្ខីកម្មនៅ ចំពោះមុខតុលាការបារាំង ជាលើកដំបូង កាលពីដើមខែនេះ ។ ជនជាតិរុស្សី ដែលជាពលរដ្ឋនៃប្រទេសបារាំង អារ៉ាប់រួម និង Saint Kitts and Nevis បានបដិសេធ មិនធ្វើអត្ថាធិប្បាយ លើករណីនេះ ទៅកាន់ អ្នកសារព័ត៌មានទេ។ យ៉ាងណាក៏ដោយ លោកបានបដិសេធ ចំពោះការ ប្រព្រឹត្តខុស ។
ការអត្ថាធិប្បាយ ក្នុងខែសីហា លើការឃុំខ្លួន លោក Durov អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានគូសបញ្ជាក់ អំពីភាពមិនសមហេតុផល ក្នុងការឲ្យសហគ្រិនទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្ត ដោយប្រើបណ្តាញរបស់លោក ។ ការកាត់ទោសលោក Durov សម្រាប់ឧក្រិដ្ឋកម្មទាំងនេះ នឹងដូចគ្នានឹងអាជ្ញាធរបារាំង ដែលចាប់ខ្លួនប្រធានក្រុមហ៊ុន Renault ឬ Citroen ពីព្រោះភេរវករ ក៏ប្រើរថយន្តដែរ ៕