អ៊ីរ៉ង់ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ក្រុមប្រឹក្សាកំពូល របស់ប្រទេសអ៊ីរ៉ង់ ដែលទទួលខុសត្រូវ លើការការពារ ប្រព័ន្ធអ៊ីនធើណរត បានធ្វើការបោះឆ្នោតកាលពីថ្ងៃអង្គារ ដើម្បីលុបចោលការហាម ឃាត់លើកម្មវិធីផ្ញើសារដ៏ពេញនិយម WhatsApp ដែលជាកម្មវត្ថុ នៃការរឹតបន្តឹងអស់រយៈពេលជាង ២ ឆ្នាំ យោងតាមការចេញ ផ្សាយពីគេហទំព័រ VOA ។
ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បាននិយាយថា ការហាមឃាត់លើបណ្តាញសង្គម WhatsApp និង Google Play ត្រូវបានដកចេញ ដោយការបោះឆ្នោតជាឯកច្ឆ័ន្ទ របស់សមាជិក នៃឧត្តមក្រុមប្រឹក្សានៃ Cyberspace ។ ក្រុមប្រឹក្សានេះដឹកនាំ ដោយប្រធានាធិបតី ហើយសមាជិករបស់ខ្លួន រួមមានប្រធានសភា ប្រធានតុលាការ និងរដ្ឋមន្ត្រីមួយ ចំនួនទៀត។
វាមិនទាន់ច្បាស់លាស់ នៅពេលណាការ សម្រេចចិត្តនឹងចូលជាធរមាន ។ ចំណាត់ការនេះ បានបង្កឲ្យមានការ ជជែកវែកញែក ក្នុងប្រទេសអ៊ីរ៉ង់ ដោយមានអ្នករិះគន់ លើការរឹតបន្តឹង ដោយអះអាងថា ការគ្រប់គ្រងមានតម្លៃថ្លៃ សម្រាប់ប្រទេស ។
ទីប្រឹក្សាប្រធានាធិបតី លោក Ali Rabiei បាននិយាយនៅថ្ងៃអង្គារ លើបណ្តាញសង្គម X ថា ការរឹតបន្តឹងមិន បានសម្រេចអ្វីក្រៅពីកំហឹង និងបានបន្ថែម ការចំណាយ ដល់ជីវិតរបស់មនុស្ស។
អនុប្រធានាធិបតី Mohammad Javad Zarif បាននិយាយ កាលពីថ្ងៃអង្គារថា លោកប្រធានាធិបតី Masoud Pezeshkian ជឿជាក់លើការដកការរឹតបន្តឹង និងមិនចាត់ទុកការហាមឃាត់ ជាផលប្រយោជន៍របស់ប្រជាជន និងប្រទេស។ អ្នកជំនាញទាំងអស់ក៏ជឿថា បញ្ហានេះមិនផ្តល់ផលប្រយោជន៍ ដល់សន្តិសុខរបស់ប្រទេស៕