ភ្នំពេញ ៖ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួមហាផ្ទៃ ដែលដណ្តើម បានមេដាយមាស ប្រាក់ សំរឹទ្ធ ពីការប្រកួតកីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំអាគារ S នៃទីស្ដីការក្រសួងមហាផ្ទៃ ។
លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ ប្រាប់ឲ្យដឹងថា ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាល ជំនួសមុខឲ្យថ្នាក់ដឹកនាំ នាយនគរបាល មន្រ្តីនគរបាល ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និង ក្រុមអត្តពលិកទាំងអស់ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ បានសម្ដែងការគោរព ថ្លែងអំណរគុណ ដឹងគុណគុណូបការៈដល់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ជាអតីតប្រធានក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ ដែលកន្លងមក សម្តេច បានខិតខំលះបង់ ទាំងកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ព្រមទាំងធនធានយ៉ាងច្រើន ដើម្បីជ្រោមជ្រែងលើកស្ទួយ ដល់អត្តពលិកប្រតិភូ កីឡា ចំណុះក្រសួងមហាផ្ទៃ ទទួលបានឱកាសបញ្ចេញសមត្ថភាពតាមរយៈការចូលរួមលើកកម្ពស់កិត្យានុភាព ឧត្តមភាព និងកិត្តិយសជូនក្រសួងមហាផ្ទៃ ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិផងដែរ ។
លោកអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា យោងតាម របាយការណ៍ របស់លោ សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិតរដ្ឋមន្ត្រី បានចាត់ទុកលទ្ធផល កីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ ថា ជាមោទកភាព ដ៏ធំធេងមួយ ដោយមិនមែន សម្រាប់តែក្រសួងមហាផ្ទៃ ប៉ុណ្ណោះនោះទេ ប៉ុន្តែវាជាកិត្តិយស របស់ជាតិទាំងមូល ដែលអត្តពលិកក្រសួងមហាផ្ទៃ ចូលរួមប្រកួត និងដណ្ដើមបានមេដាយ ជាមួយកំណត់ត្រា មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ។
លោកអភិសន្តិបណ្ឌិត ក៏បានសម្ដែងការដឹងគុណដល់ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអតីតប្រធានក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ បច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានកសាងស្នាដៃ ដ៏គួរជាទីមោទក ជាពិសេសវិស័យកីឡា ក្នុងក្របខណ្ឌក្រសួង មហាផ្ទៃ ដោយអត្តពលិកនៃក្រសួងមហាផ្ទៃ បានរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់មុខមាត់ជាតិ ទាំងក្នុង និងក្រៅប្រទេស ហើយបន្សល់ទុកដល់អ្នកជំនាន់ក្រោយ បន្តពង្រឹង ពង្រីក និងអភិវឌ្ឍន៍ឱ្យកាន់តែរីកចម្រើន ។
បន្ថែមលើសនេះ លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ និងកោតសរសើរ ដល់អត្តពលិក គ្រូបង្វឹក គ្រូជំនួយទាំងអស់ ដែលបានខិតខំប្រឹងប្រែង ដណ្ដើមមេដាយ ជូនជាតិមាតុភូមិ និងក្រសួងមហាផ្ទៃ និងបានជូនពរ អត្តពលិកទាំងអស់ បន្តជួបតែសុខភាពល្អ ដើម្បីបន្តប្រជែងយកមេដាយជូនជាតិ នៅការប្រកួតក្រោយៗទៀត ។
ជាកិច្ចចុងក្រោយលោក អភិសន្តិបណ្ឌិត ក៏បានផ្តល់ជូន នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដល់អត្តពលិក នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវរៀបចំខ្លួន ឱ្យបានល្អប្រសើរ ដើម្បីចូលរួមប្រជែងដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅ នៅព្រះរាជាណាចក្រថៃ ក្នុងនាមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ៕