ព័ត៌មានអន្តរជាតិ

ទាហានកូរ៉េខាងជើងម្នាក់ ត្រូវចាប់ខ្លួន ក្រោយមកស្លាប់ ខណៈកំពុងប្រយុទ្ធ នៅក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន

AFP

សេអ៊ូល៖ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ទាហានកូរ៉េខាងជើងម្នាក់ ដែលត្រូវបានចាប់ខ្លួន ខណៈកំពុងប្រយុទ្ធក្នុង សង្គ្រាមរុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន បានស្លាប់ដោយសារ របួសរបស់គាត់ធ្ងន់ធ្ងរពេក ។
ក្រុងព្យុងយ៉ាងបានដាក់ពង្រាយ ទាហានរាប់ពាន់នាក់ ដើម្បីពង្រឹងយោធារបស់រុស្ស៊ី បូករួមទាំងនៅតំបន់ព្រំដែន Kursk ដែលប្រទេសអ៊ុយក្រែន បានធ្វើការលុកលុយ តាមច្រកព្រំដែនកាលពីខែសីហា ។

ប្រភពចារកម្មកូរ៉េខាងត្បូងបានប្រាប់ ដល់ទីភ្នាក់ងារព័ត៌មាន AFP ថា ទាហានកូរ៉េខាងជើងម្នាក់ ក្នុងចំណោមទាហាន កូរ៉េខាងជើង ទាំងនោះត្រូវបានចាប់ខ្លួន ទាំងរស់ដោយកងទ័ពរបស់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបន្ថែមថា ទីតាំងដែលគាត់ត្រូវបានចាប់ខ្លួន នោះមិនត្រូវបានគេដឹងនោះទេ ។

នៅប៉ុន្មានម៉ោងក្រោយមក ក្រុមសេវាស៊ើបការណ៍ សម្ងាត់ជាតិ ហៅកាត់ថា (NIS) របស់ក្រុងសេអ៊ូល បានឲ្យដឹងថា ទាហានរូបនោះបានស្លាប់ដោយសារ របួសរបស់គាត់ធ្ងន់ធ្ងរពេក ។

ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ករណីនេះត្រូវបានបញ្ជាក់តាមរយៈទីភ្នាក់ងារ ចារកម្មសម្ព័ន្ធមិត្តថា ទាហានកូរ៉េខាងជើង ដែលត្រូវបានចាប់ខ្លួន ទាំងរស់កាលពីថ្ងៃទី ២៦ ខែធ្នូ ទើបតែបានស្លាប់ ដោយសាររបួសធ្ងន់ធ្ងរពេក” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top