វៀតណាម៖កីឡាករខ្សែប្រយុទ្ធឆ្នើម របស់ក្រុមវៀតណាម លោក Nguyen Xuan Son ដែលបានបាក់ជើងស្តាំអំឡុង ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ASEAN Cup នៅទីក្រុងបាងកក កាលពីថ្ងៃអាទិត្យនោះ ត្រូវការរយៈពេល២ ខែសម្រាប់ឆ្អឹងរបស់លោក ដើម្បីឲ្យជាសះស្បើយ ក្រោយការវះកាត់ និង រយៈពេល ៦ ខែសម្រាប់ការហ្វឹកហាត់ មុនពេលត្រឡប់មកលេង បាល់ទាត់កម្រិតកំពូលវិញ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។
លោកវេជ្ជបណ្ឌិត Tran Trung Dung ដែលមើលការខុសត្រូវដោយផ្ទាល់លើការ វះកាត់របស់កីឡាករ Son នៅមន្ទីរពេទ្យ Vinmec ទីក្រុងហាណូយ បាននិយាយថា ស្ថានភាពរបស់កីឡាករ មានស្ថេរភាព ។ លោកនឹងស្នាក់នៅក្នុងមន្ទីរពេទ្យ យ៉ាងហោចណាស់ ៤ សប្តាហ៍ទៀតសម្រាប់ការ តាមដានយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីនោះលោកអាចត្រឡប់ទៅក្លឹប ឬកន្លែងហ្វឹកហាត់របស់លោក ។
លោកវេជ្ជបណ្ឌិត Dung បានបន្តថា កីឡាករ Son មានការបាក់ឆ្អឹងមួយ ប៉ុន្តែសរសៃចង និងសន្លាក់ជង្គង់ របស់លោកមិន ត្រូវបានប៉ះពាល់ទេ ។ ប្រសិនបើលោកទទួលបានការព្យាបាល និងជាសះស្បើយឡើងវិញ លោកអាចត្រឡប់មក លេងបាល់ទាត់វិញជាមួយនឹង កម្លាំងជើង ១០០ភាគរយដូចពីមុន។
វេជ្ជបណ្ឌិតបានបញ្ជាក់ថា ការវះកាត់ឆ្អឹងរបស់កីឡាករ Son កាលពីថ្ងៃច័ន្ទបានជោគជ័យ ប៉ុន្តែដំណើរការព្យាបាលគឺត្រឹមតែ ១០ភាគរយនៃវិធីប៉ុណ្ណោះ។ នៅដំណាក់កាលបន្ទាប់កីឡាករ Son ត្រូវការកម្មវិធីស្តារនីតិសម្បទាពិសេសសម្រាប់អត្តពលិក សម្រាប់អ្នកជំងឺធម្មតា តម្រូវការតែមួយគត់ គឺដើរ និងហាត់ប្រាណឲ្យបានល្អ ។ សម្រាប់អត្តពលិក ដែលប្រកួតប្រជែង ក្នុងកម្រិតខ្ពស់បំផុត ដំណោះស្រាយដ៏ទូលំទូលាយមួយ គឺត្រូវការជាចាំបាច់ពីការ ព្យាបាលដោយវះកាត់ អាហាររូបត្ថម្ភ និងការធ្វើលំហាត់ប្រាណ ដើម្បីជួយអ្នកជំងឺឲ្យ ជាសះស្បើយឆ្អឹង ស្តារការចល័ត រក្សាកម្លាំងសាច់ដុំ និងគ្រប់គ្រងទម្ងន់។
លោក Dung បានបន្ថែមថា នេះមិនមែនជាបញ្ហាងាយ ស្រួលនោះទេ ដូច្នេះដំណើរការបណ្តុះបណ្តាល ការស្តារឡើងវិញ និងអាហារូបត្ថម្ភ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាបាននូវការ ថែរក្សាទម្ងន់ និងជៀសវាងការឡើង ទម្ងន់ដោយសារ ការថយចុះភ្លាមៗ នៃអាំងតង់ស៊ីតេ នៃការបណ្តុះបណ្តាល ។ ជាពិសេស កម្មវិធីបណ្តុះបណ្តាលជំនាញ និងអាហារូបត្ថម្ភត្រូវបាន គណនាយ៉ាងប្រុងប្រយ័ត្នសម្រាប់កីឡាករ Son ដើម្បីធានាថា ដំណើរការព្យាបាលឆ្អឹង ឆាប់ជាសះស្បើយ ខណៈពេលដែលនៅតែរក្សា ម៉ាសសាច់ដុំ៕