ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត និងកញ្ញា កែវ មនោរម្យ នាយិកាវិទ្យាស្ថានអប់រំកាយ និងកីឡាបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គសិក្ខាសាលាស្តីពី “ការបង្កើតផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅក្នុងគ្រឹះស្ថានសិក្សា”នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាបានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងបំពេញ តាមតួនាទី និងភារៈកិច្ចរៀងៗ ប្រកបដោយជោគជ័យ ក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សឱ្យក្លាយធនធានប្រកបដោយគុណភាព និងដើរស្របគ្នាជាមួយនឹងគោលនយោបាយជាតិ។
លោកបានបន្តថា សិក្ខាកាមដែលបានចូលរួមទាំងអស់ សូមយកចំណេះដឹងដែលទទួលបានពីវគ្គសិក្ខាសាលានេះ ទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ នៅតាមអង្គភាពដែលខ្លួនកំពុងបំពេញ ដើម្បីចូលរួមអភិវឌ្ឍន៍ឱ្យកាន់តែមានការរីកចម្រើនខ្លាំងឡើងថែមទៀត។
វគ្គសិក្ខាសាលាមានរយៈពេល៣ថ្ងៃប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី៨ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្នុងវគ្គនោះមានសិក្ខាកាមចូលរួមសរុបចំនួន១០៨នាក់ មកពីបណ្តារាជធានី ខេត្តចំនួន៣ រួមមាន រាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តបាត់ដំបង។
សិក្ខាសាលាមានគោលបំណង ដើម្បីយល់ដឹងពីសកម្មភាព សមិទ្ធិផល បញ្ហាប្រឈម និងដំណោះស្រាយនៃផែនការផ្សព្វផ្សាយ ការអនុវត្តនៅក្នុងរាជធានី ខេត្តគោលដៅរហូតដល់បច្ចុប្បន្ននេះ។ ដើម្បីបង្កើតផែនការផ្សព្វផ្សាយមុខវិជ្ជាអប់រំកាយដែលនឹងត្រូវបង្កើតឡើងដោយថវិការផ្ទាល់ខ្លួន និងការជួយជ្រោមជ្រែងពីសហគមន៍ និងមាតាបិតា។ ការបង្កើតផែនការផ្សព្វផ្សាយដើម្បីស្នើរសុំទៅក្រសួងអប់រំ យុវជន និងកីឡាសម្រាប់ពិធីបិទបញ្ចប់គម្រោង។
ដោយ៖ លី ភីលីព