Beyonce បានបរិច្ចាគ ទឹកប្រាក់ប្រមាណ ២,៥ លានដុល្លារអាមេរិក ដើម្បីជួយទៅដល់អ្នករងគ្រោះ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃ ក្នុងរដ្ឋ កាលីហ្វញ៉ា កាលពីពេលថ្មីៗនេះ។ តារាចម្រៀង Pop ដ៏ល្បីល្បាញរូបនេះ បានប្រកាសថា លុយដែលនាងបានបរិច្ចាគ នឹងត្រូវផ្តល់ទៅ LA Fire Relief Fund តាមរយៈ BeyGood Foundation។
មូនិធិនេះ នឹងផ្តល់ជាជំនួយជួយទៅដល់អ្នករងគ្រោះ ក្នុង តំបន់ Altadena / Pasadena ដែលមានមនុស្សជាច្រើនបានបាត់បង់ផ្ទះសម្បែង។ ការបរិច្ចាគ របស់ Beyonce ធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Walt Disney បានផ្តល់ជំនួយ ប្រមាណ ១៥លានដុល្លារ ដើម្បីជួយកសាងសហគមន៍ឡើងវិញ បន្ទាប់ពីបានទទួលរងនូវគ្រោះថ្នាក់ ភ្លើងឆេះព្រៃ យ៉ាងសន្ធោសន្ធៅ កាលពីពេលថ្មីៗនេះ។
គួរឱ្យដឹងថា នៅតំបន់ភាគខាងត្បូងនៃរដ្ឋ កាលីហ្វញ៉ា និង ជាតំបន់ដែលគេស្គាល់ថាសម្បូរទៅដោយផ្ទះរបស់ តារាល្បីៗ រស់នៅ បានទទួលរងគ្រោះដោយសារភ្លើងឆេះព្រៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥កន្លងទៅ។ ហេតុការណ៍នេះ បានបណ្តាឱ្យមនុស្ស ប្រមាណ ២៤ នាក់បាត់បង់ជីវិត ហើយមនុស្សរាប់ពាន់នាក់ផ្សេងទៀត បានបាត់បង់ផ្ទះសម្បែង របស់ពួកគេ ក្រោយពីអណ្តាតភ្លើងបានឆេះរាលដាល លាបយកអស់ គ្មានសល់៕
ប្រភព៖ Asiaone ប្រែសម្រួល ៖ គីម ណារ៉ាក់/sby