ផ្សេងៗ

ជនជាតិម៉ាឡេស៊ី ១៦ នាក់ ត្រូវបានចាប់ខ្លួន ពីបទឆបោកប្រាក់ ១លានដុល្លារពីជនជាតិសិង្ហបុរី

VN Express 

ម៉ាឡេស៊ី ៖ អាជ្ញាធររបស់ប្រទេសម៉ាឡេស៊ី បានប្រកាស កាលពីថ្ងៃសុក្រថា ជនជាតិម៉ាឡេស៊ីចំនួន ១៦ នាក់ត្រូវបានចាប់ខ្លួន នៅទីក្រុងកូឡាឡាំពួរពីបទឆបោក ប្រាក់ជនរងគ្រោះក្នុងប្រទេសសិង្ហបុរី ចំនួនប្រហែល ១.៤ លានដុល្លារសិង្ហបុរីស្មើនឹង ១.០៤ លានដុល្លារអាមេរិក យោងតាមការចេញផ្សាយពីគេហទំព័រ VN Express  ។

នេះបើយោងតាមអាជ្ញាធរសិង្ហបុរីដកស្រង់ ដោយកាសែត The Straits Times បាននិយាយថា ប្រតិបត្តិការនេះ ធ្វើឡើង តាមរយៈកិច្ច សហប្រតិបត្តិការ រវាងកងកម្លាំងប៉ូលីសសិង្ហបុរី និងម៉ាឡេស៊ី ហើយជនសង្ស័យ ដែលមាន អាយុចន្លោះពី ២៤ ទៅ ៤៣ ឆ្នាំត្រូវបានចាប់ខ្លួន នៅអគារការិយាល័យមួយ ហើយត្រូវបានចោទប្រកាន់ពីបទសមគំនិត ឧក្រិដ្ឋដើម្បីប្រព្រឹត្តការក្លែងបន្លំដោយតុលាការម៉ាឡេស៊ី។

ការស៊ើបអង្កេត បានបង្ហាញថា ជនឆបោកដែលមានតួនាទីជាបុគ្គលិកធនាគារ ដោយជូនដំណឹង ដល់ជនរងគ្រោះជនជាតិសិង្ហបុរីថា ប័ណ្ណឥណទាន របស់ពួកគេ ត្រូវបានប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬប្រតិបត្តិការគួរឲ្យសង្ស័យបានកើតឡើងក្នុងគណនីធនាគាររបស់ពួកគេ។ អ្នកបោកប្រាស់ក៏បានក្លែង បន្លំមន្ត្រីរដ្ឋាភិបាល និងមន្រ្តីប៉ូលីស ដោយក្លែងបន្លំចោទប្រកាន់ជនរងគ្រោះនៃឧក្រិដ្ឋកម្ម ដូចជាការលាងលុយកខ្វក់ និងការស្នើសុំផ្ទេរប្រាក់ ទៅគណនីធនាគារដែលបានបញ្ជាក់។

នេះបើយោងតាមសារព័ត៌មាន Channel News Asia បានចេញផ្សាយថា អាជ្ញាធរបានរាយការណ៍ថា យ៉ាងហោចណាស់ករណីឆបោកចំនួន ១,១០០ ត្រូវបានប្តឹងនៅចន្លោះខែមករាដល់ខែតុលា ឆ្នាំ ២០២៤ ។ បុគ្គលត្រូវបានចាប់ខ្លួនត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធក្នុងប្រហែល ៥០ ករណីទាំងនេះ ៕

Most Popular

To Top