កីឡា

កីឡាករបាល់ទាត់ ឆ្នើមប្រេស៊ីល Neymar ទៅហ្វឹកហាត់ធ្វើដំណើរ តាមឧទ្ធម្ភាគចក្រឯកជន

ប្រេស៊ីល ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ទោះបីជាត្រឡប់ទៅក្លឹបចាស់ Santos ក្នុងប្រទេសប្រេស៊ីលក៏ដោយ ក៏កីឡាករបាល់ទាត់ ឆ្នើមប្រេស៊ីល Neymar មិនទាន់មានផ្ទះដើម្បីស្នាក់នៅ ជិតកន្លែងរបស់ក្លឹបឡើយ នៅពេលរូបលោក ទៅហ្វឹកហាត់ត្រូវធ្វើដំណើរ ដោយឧទ្ធម្ភាគចក្រឯកជន។

យោងតាម Globo បាននិយាយថា កីឡាករឆ្នើមប្រេស៊ីលកំពុងពិចារណាទិញវីឡានៅ Morro de Santa Terezinha ដែលជាសង្កាត់ដ៏សម្បូរបែបនៅ Santos ។ ក្នុងពេលនេះ Neymar កំពុងធ្វើដំណើរប្រហែល ៥០០ គីឡូម៉ែត្រពី Mangaratiba (Rio de Janeiro) ដែលបច្ចុប្បន្នលោករស់នៅ ជាមួយគ្រួសាររបស់លោក។

ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល ប៉ាន់ប្រមាណថា ការធ្វើដំណើរនីមួយៗអាចចំណាយអស់ជិត ៦០០ ដុល្លារ ដោយមិនរាប់បញ្ចូល ការចំណាយនាវិក និងការថែទាំ ។ ឧទ្ធម្ភាគចក្រឯកជន របស់លោក Neymar  ទិញក្នុងឆ្នាំ ២០១៩ អាចដំណើរការ ក្នុងលក្ខខណ្ឌ អាកាសធាតុមិនល្អ បំពាក់ម៉ាស៊ីន២ និងផ្ទុកអ្នកបើកយន្តហោះ ២ នាក់ បូករួមទាំងអ្នកដំណើររហូតដល់ ៨ នាក់ជាមួយនឹងវ៉ាលី។

CNN Brazil បានរាយការណ៍ថា លោក Neymar បានយល់ព្រមលើកិច្ចសន្យារយៈពេល ៦ ខែជាមួយ Santos ដោយបានកាត់បន្ថយប្រាក់ឈ្នួលយ៉ាងច្រើន ដើម្បីត្រឡប់ទៅប្រេស៊ីលវិញពីក្លឹបអារ៉ាប៊ីសាអូឌីត Al Hilal ។ អតីតខ្សែប្រយុទ្ធ Paris Saint-Germain និង Barcelona នឹងរកបានប្រហែល ១៦៨,៥០០ ដុល្លារក្នុងមួយខែ ប៉ុន្តែរក្សាបាន ៩០ភាគរយនៃសិទ្ធិរូបភាពរបស់លោក។

ការរៀបចំនេះស្រដៀងគ្នាទៅនឹងរចនាសម្ព័ន្ធនៃកិច្ចសន្យាឆ្នាំ ២០១០-២០១៣ របស់លោកជាមួយ Santos នៅពេលលោកទទួលបានប្រាក់បៀវត្សរ៍មូលដ្ឋានប្រហែល ៥០,៦០០ ដុល្លារក្នុងមួយខែជាមួយនឹងសិទ្ធិរូបភាពប្រហែល ៥៣៥,៣៧០ ដុល្លារ។

ប្រធានក្លឹប Santos លោក Marcelo Teixeira សង្ឃឹមថា លោក Neymar នឹងនៅជាមួយក្លឹបរយៈពេលវែង។ លោកបានបន្តថា យើងរំពឹងថា លោក Neymar នឹងលេងឲ្យក្លឹបរហូតដល់ World Cup 2026 ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករប្រេស៊ីលមាន គោលបំណងត្រឡប់ទៅអឺរ៉ុបវិញ បន្ទាប់ពីកិច្ចសន្យាបច្ចុប្បន្នរបស់លោកផុតកំណត់៕

Most Popular

To Top