ភ្នំពេញ៖ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងជា ប្រធាន សហព័ន្ធកីឡាប្រដាល់គុនខ្មែរអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ (ថ្នាល់អាយុក្រោម១៨ឆ្នាំ) នៅមជ្ឈមណ្ឌលកីឡាកងយុទ្ធពលខេមរភូមិន្ទ (ស្តាតចាស់) ។
សម្រាប់ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងក្នុងដីឡូដ៍ជិតច្រមុះជ្រូក រូបសំណាកព្រះគោព្រះកែវមានរយៈពេល ៤ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១៧ ដល់ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោក ខូវ ឆាយ បានប្រសាសន៍ថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ក្រោមការប្រើប្រាស់កញ្ចប់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា និងដៃគូឧបត្ថម្ភដោយព្រឹត្តិការណ៍ ។ ចំពោះការទទួលហូបចុកស្នាក់នៅ របស់ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីមកតាមសមាគមរាជធានី-ខេត្តទាំងអស់ ក៏ទទួលបានការយកចិត្តទុកដាក់ខ្ពស់ ដោយសហព័ន្ធផ្ទាល់ រយៈពេល៤ថ្ងៃ ពេញតែម្តង។ ជាមួយគ្នានេះ លោកប្រធានក៏បានស្នើសុំឲ្យសមាគមចូលរួលទាំងអស់ បញ្ជូនកីឡាករ-កីឡាការិនីប្រដាល់គុនខ្មែរល្អៗបំផុត ប្រចាំក្លិបមក ចូលរួមប្រជែងម្ចាស់ ដំណែងជើងឯក ប្រចាំព្រឹត្តិការណ៍នេះឲ្យបានល្អប្រសើរពីព្រោះប្រាក់រង្វាន់ លើកទឹកចិត្តឆ្នាំនេះ ក៏ត្រូវបានបង្កើនច្រើនជាងបណ្តាឆ្នាំមុនៗ ។ ម្ចាស់ជើងឯកនៃប្រភេទទម្ងន់នីមួយៗ គឺជាតំណាងនៃជម្រើសជាតិ សម្រាប់ត្រៀមចូលរួមប្រកួតកម្រិតអន្តរជាតិ នាពេលខាងមុខ។ ដូច្នេះឯកឧត្តមអនុប្រធាន សង្ឃឹមជឿជាក់ថា គ្រប់ភាគីពាក់ព័ន្ធ នឹងចូលរួមអនុវត្តតាមផែនការ ដែលបានគ្រោងទុក ដើម្បីរួមគ្នាជំរុញ ឲ្យការប្រកួតកម្រិតបច្ចេកទេសខ្ពស់បំផុត ថ្នាក់ជាតិមួយនេះដំណើរ ការដោយរលូន និងជោគជ័យ ៕



ដោយ៖ លី ភីលីព
