ព័ត៌មានអន្តរជាតិ

លោក Trump បណ្តេញ មេបញ្ជាការកំពូលយោធាម្នាក់ទៀត ចេញពីតំណែង ជាអ្នកគាំទ្រ យុទ្ធនាការ Black Lives Matter

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្រេចចិត្តបណ្តេញ ប្រធានអគ្គសេនាធិការចម្រុះ គឺលោកឧត្តមសេនីយ៍ Charles Brown ដែលជាមេបញ្ជាការ ស្បែកខ្មៅទី២ ក្នុងប្រវត្តិសាស្ត្រ ធ្លាប់កាន់តំណែងនេះ ។

គេបានដឹងថាលោកBrown គឺជាអ្នកគាំទ្រ ជាសាធារណៈនូវចលនា Black Lives Matter (BLM) តាំងតែពីនៅក្នុងឆ្នាំ២០២០ មកម្ល៉េះហើយលោក ក៏ជាសមាជិកដែលតែងតាំងដោយរដ្ឋបាល របស់លោកអតីតប្រធានាធិបតី Joe Biden ផងដែរ។

ចាប់តាំងពីចូលកាន់តំណែង ក្នុងខែមករា លោក Trump បានលុបចោលកម្មវិធីភាពចម្រុះ សមធម៌ និងការដាក់បញ្ចូល ឬហៅកាត់ថាDEI ជាច្រើនរបស់រដ្ឋបាល Biden នៅទូទាំងរដ្ឋាភិបាលសហព័ន្ធ និងក្នុងវិស័យយោធា។

គណបក្ស​សាធារណរដ្ឋ​ក៏​បាន​សម្រេច​ជា​ផ្លូវការ​ថា ​មាន​តែ​ពីរ​ភេទប៉ុណ្ណោះ គឺមនុស្ស​ប្រុស​និង​ស្រី ដែល​នឹងអាច​ត្រូវ​ទទួល​ស្គាល់ ​ដោយ​រដ្ឋាភិបាល​អាមេរិក។

គួរឲ្យដឹងដែរថាលោក Trump បានប្រកាសពីការបណ្តេញលោក Brown នៅក្នុងការប្រកាសមួយនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម Truth របស់គាត់កាលពីថ្ងៃសុក្រ ដោយអរគុណឧត្តមសេនីយ៍ ចំពោះការបម្រើការងារ របស់គាត់នាពេលកន្លងមក ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top