ភ្នំពេញ ៖ ការប្រកួតវគ្គជម្រុះតាមពូលក្នុងរយៈពេល ៣ សប្តាហ៍ គណៈកម្មការបានរកឃើញក្រុមជើងខ្លាំង ៤ ក្រុមឡើង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ ការប្រកួត កីឡាបាល់ទាត់ពានរង្វាន់ K CUP លើកទី១ ឆ្នាំ២០២៥ ដោយមានក្រុមបាល់ទាត់វ័យចាស់ ជើងខ្លាំង ៨ ក្រុមចូលរួម នៅទីលានបាល់ទាត់វិទ្យាល័យជា ស៊ីម បឹងកេងកង ។

ក្រុមជើងខ្លាំង ៤ ក្រុមដែលត្រូវឡើងពាក់កណ្តាលផ្តាច់ព្រ័ត្ររួមមាន ក្រុមបាល់ទាត់វ័យចាស់ ភ្នំពេញ ក្រុមបាល់ទាត់វ័យចាស់ K8 ក្រុមបាល់ទាត់វ័យចាស់ CID និងក្រុមបាល់ទាត់វ័យចាស់ R2N ។ ចំពោះការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រប្រព្រឹត្តិនាថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៥ នៅទីលានបាល់ទាត់វិទ្យាល័យ ច្បារអំពៅ ក្រុមបាល់ទាត់វ័យចាស់ ភ្នំពេញ ប៉ះក្រុមបាល់ទាត់វ័យចាស់ R2N រីឯក្រុមបាល់ទាត់វ័យចាស់ K8 ប្រកួតនឹងក្រុមបាល់ទាត់វ័យចាស់ CID។

ការប្រកួតខាងលើនេះ បានបែងចែកចេញជា ២ ពូល គឺពូល A និងពូល B ។ ពូល A មាន៤ ក្រុមរួមមមាន ក្រុមបាល់ទាត់វ័យចាស់ K8 ក្រុមបាល់ទាត់វ័យ ចាស់ ភ្នំពេញ ក្រុមបាល់ទាត់វ័យចាស់ HANNA FC និងក្រុមបាល់ទាត់វ័យចាស់ SCS រីឯពូល B មាន៤ ក្រុម គឺក្រុមបាល់ទាត់វ័យចាស់ ស្តាតអូឡាំពិក ក្រុមបាល់ទាត់វ័យចាស់ CID ក្រុមបាល់ទាត់វ័យចាស់ R2N និងក្រុមបាល់ទាត់វ័យចាស់ N4 United (N4) ៕
ដោយ៖លី ភីលីព



