យោងទៅតាមការសិក្សាស្រាវជ្រាវ របស់ជនជាតិអូស្ត្រាលី បានឲ្យដឹងថា ប្រសិនបើអ្នកចង់ធ្វើការ នៅពេលថ្ងៃរសៀល ឲ្យមានស្រស់ថ្លា រហ័សរហួននោះ អ្នកគ្រាន់តែគេងមួយ ស្រឡេត ក្នុងរយៈពេល១០នាទី នៅពេលថ្ងៃបាយរួច នោះអ្នកនឹងទទួលបានលទ្ធផលល្អ ជាងការគេងក្នុង រយៈពេលកន្លះម៉ោងទៅទៀត ។
ជាមួយគ្នានេះដែរ លទ្ធផលនៃការសិក្ស ទៅលើការគេង របស់អ្នកស្មគ្រ័ចិត្ត ក្នុងរយៈពេលខុសៗគ្នា បានបង្ហាញឲ្យឃើញថា ការគេងថ្ងៃនៅ ក្នុងរយៈពេល១០នាទី អាចជួយឲ្យអ្នកធ្វើការ នៅពេលថ្ងៃ មានអារម្មណ៏ស្រស់ស្រាយល្អ រហូតទៅដល់ទៅ៣ម៉ោង ។
លទ្ធផលបានបង្ហាញឲ្យឃើញថា បន្ទាប់ពីបានគេងចំនួន១០នាទីមក អ្នកស្ម័គ្រចិត្តទាំងអស់ មានអារម្មណ៏ស្រស់ថ្លា ក៏ប៉ុន្តែសំរាប់អ្នកដែលគេងថ្ងៃយូរ ជាង៣០នាទី មិនបានមានលទ្ធផលដូចអ្នកទាំងនេះទេ ដោយមនុស្សនៅក្នុងក្រុមនេះ មានអាការៈងងីងងើ ហើយនៅតែមានអារម្មណ៏ ងងុយគេងដដែរ ដោយសារតែគេងយូរពេក ។
លទ្ធផល នៃការសិក្សាស្រាវជ្រាវនេះ មើលទៅហាក់បីដូចជាចំលែកបន្តិច ប៉ុន្តែអ្នកស្រាវជ្រាវបានធ្វើការសិក្សាម្តងទៀត ដោយការសិក្សាលើកក្រោយនេះ បានឲ្យអ្នកស្ម័គ្រចិត្តចូលរូមធ្វើតេស្តទាំងអស់ គេងក្នុងរយៈពេលខុសៗគ្នា ដែលក្នុងនោះរួមមានរយៈពេល ៥នាទី ១០នាទី ២០នាទី និង៣០នាទី។
ក្រោយមកលទ្ធលនោះ បានបង្ហាញឲ្យឃើញថា អ្នកដែលបានគេងនៅក្នុងរយៈពេល១០នាទី នៅតែមានអារម្មណ៏ស្រស់ថ្លា ជាងគេដូចការសិក្សា កាលពីលើកមុនដែរ។ ចំណែកឯអ្នក ដែលបានគេងថ្ងៃ ក្នុងរយៈពេល២០នាទី និង ៣០នាទីវិញ នៅតែមាននអាការៈងងីងងើ ស្រពេចស្រពិល រហូតដល់ថ្នាក់ផ្អាកធ្វើការ សាកល្បងក្នុងរយៈពេលកន្លះម៉ោង ក្រោយពីការគេងនោះ។ គួរបញ្ជាក់ដែរថា ប្រសិនបើអ្នកងងុយគេងនៅពេលថ្ងៃ អ្នកគួរតែធ្វើការសំរាក ក្នុងរយៈពេល១០នាទី ទើបជាការប្រសើរ។
