ភ្នំពេញ ៖ លោក ឃ្លាំង ហួត អភិបាលរង រាជធានីភ្នំពេញ លោកបណ្ឌិត ស៊ុផាឆៃ វីរៈភូជុង នាយកប្រតិបត្តិ នៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកជួយសម្របសម្រួល ការងារជាមួយភាគីថៃ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីសន្និសីទ សារព័ត៌មានស្ដីពី “ព្រឹត្តការណ៍ប្រកួត កីឡាបាល់ទាត់មិត្តភាព កម្ពុជា-ថៃ ពានរង្វាន់សតវត្សរ៍ នៃព្រះធម៌ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការ ទូតរវាងព្រះរាជាណចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ។

លោកបណ្ឌិត ស៊ុផាឆៃ វីរៈភូជុង បានមានប្រសាសន៍ថា រូបលោកចង់ផ្សព្វផ្សាយព្រះធម៌ ដល់កូនចៅរបស់លោក និងប្រជាជនតាមដងទន្លេមេគង្គ និងទូទំាំងប្រទេសទំាង ៥ ដែលកាន់ព្រះធម៌សាសនា ។
ប្រសាទអង្គរវត្ត ជាទីតាំងសំខាន់បំផុត សម្រាប់ការផ្សព្វផ្សាយព្រះធម៌ យ៉ាងអស្ចារ្យទៅដល់ពិភពលោក ។ សព្វថ្ងៃនេះប្រទេសចិន ជាប្រទេស ដែលមានអ្នកកាន់ព្រះធម៌សាសនា រាប់លាននាក់ ច្រើនជាងគេបំផុតនៅលើពិភពលោក ។

លោក ឃ្លាំង ហួត អភិបាលរង រាជធានីភ្នំពេញ មានប្រសាសន៍ថា ការប្រកួតបាល់ទាត់មិត្តភាព កម្ពុជា-ថៃ ពានរង្វាន់សតវត្សរ៍នៃព្រះធម៌ ធ្វើឡើងដើម្បីអបអរសាទរក្នុងឱកាសគម្រប់ខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា និងថៃ នៅឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ មិនា ២០២៥ ខាងមុខនេះនៅពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា ដោយក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់មួយថៃ និងមួយទៀត ក្រុមបាល់ទាត់តារាកម្ពុជា ជួបក្រុមបាល់ទាត់តារាថៃ ។

ការប្រកួតនេះជាព្រឹត្តិការណ៍ ដែលមានគោលបំណងរិតចំណងសាមគ្គីភាព និងមិត្តភាពកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសធ្វើឲ្យមានសន្តិភាព នៅតាមព្រំដែនកម្ពុជា-ថៃ ហើយការប្រកួតសង្ឃឹមថា នឹងទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់ប្រជាជនប្រទេសទំាង២ ។
បញ្ជាក់ ៖ ការប្រកួតខាងលើកនេះ ដោយមានការចូលរួមសំណាក់ពីក្រុមតារាល្បីៗរួមមាន តារាសម្តែង តារាចម្រៀង តារាម៉ូដែល តារា YouTuber តារា Vlogger តារាTikTok នៃប្រទេសកម្ពុជា និងថៃ ព្រមទាំងកីឡាករប្រដាល់គុនខ្មែរ កីឡាករប្រដាល់មួយថៃ ដើម្បីបង្ហាញពីវប្បធម៌កីឡានាំមកនូវមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងការទូតល្អ រវាងប្រទេសទាំង២ និងវប្បធម៌នៃការរស់ នៅប្រកបដោយសុខសន្តិភាព ក្រោមម្លប់ព្រះធម៌នៃព្រះពុទ្ធិសាសនា ក្នុងនាមជាប្រជាជាតិនៃសហគមន៍អាស៊ានតែមួយ ។

ព្រឹត្តិ្តការណ៍ការប្រកួតកីឡាបាល់ទាត់ មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា-ថៃ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ក្រោមអធិបតីភាពលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ និងលោករដ្ឋមន្ដ្រីការបរទេសថៃ ។



