កាហ្សាក់ស្ថាន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកប្រដាល់ចូល និវត្តន៍លោក Musa Abdraim ត្រូវបានផ្តល់កិត្តិយសជា “វីរៈបុរសនៃមនុស្សជាតិ” ដោយក្រុមប្រឹក្សា ប្រដាល់ពិភពលោក (WBC) បន្ទាប់ពីលោកហ៊ានប្តូរខ្លួន ជាចំណាប់ខ្មាំងជំនួស មនុស្សស្រី ហើយនៅពេលជនល្មើលភ្លេចខ្លួន លោកបានលូកដៃ ចាប់អាវុធ និងបង្ក្រាបជនសង្ស័យគម្រាម បំផ្ទុះគ្រាប់បែកនៅអាកាសយានដ្ឋាន ក្នុងប្រទេសកាហ្សាក់ស្ថាន ។
WBC បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ទង្វើដ៏គួរឲ្យភ្ញាក់ផ្អើលនៃភាពក្លាហាន លោក Mussa Abraimov អតីតអ្នកប្រដាល់អាយុ ៥២ ឆ្នាំបានហ៊ានដកហូតអាវុធដោយដៃម្ខាងនៅអាកាសយានដ្ឋាន Almaty កាលពីថ្ងៃទី ៧ ខែមីនា។ លោក Abdraim បានធ្វើអន្តរាគមន៍ នៅពេលបុរសអាយុ ៦៧ ឆ្នាំម្នាក់បានគម្រាមបំផ្ទុះគ្រាប់បែក ខណៈ កំពុងកាន់បុគ្គលិកអាកាសយានដ្ឋានអាយុ ២១ ឆ្នាំជាចំណាប់ខ្មាំង ដោយចាប់សក់របស់នាង និងកាន់កាំបិត។
ដោយមិនស្ទាក់ស្ទើរ អតីតអ្នកប្រដាល់អាជីពបានបញ្ចុះបញ្ចូលអ្នកវាយប្រហារឲ្យដោះលែងស្ត្រីនោះ ហើយយកលោកធ្វើជាចំណាប់ខ្មាំងជំនួសវិញ។ ក្នុងសកម្មភាពដ៏រហ័សមួយ ដែលថតបានតាមរូបភាពសន្តិសុខ និងចែកចាយយ៉ាងទូលំទូលាយលើបណ្តាញសង្គម លោក Abdraim បានដកអាវុធ និងបង្ក្រាបជនសង្ស័យ។
WBC បានផ្តល់រង្វាន់ដល់លោក នូវមេដាយ “វីរៈបុរស នៃមនុស្សជាតិ” ។ ពានរង្វាន់នេះ ត្រូវបានបង្កើតឡើងដំបូង ដើម្បីផ្តល់កិត្តិយសដល់អ្នក ដែលបានប្រឈមមុខ នឹងការរាតត្បាតនៃជំងឺ Covid-19 ត្រូវបានពង្រីក ដើម្បីទទួលស្គាល់នូវសកម្មភាពវីរភាពផ្សេងៗទៀត។
លោក Abdraim ជាឪពុក ដែលមានកូន ៥ នាក់បានរៀបរាប់ពីហេតុការណ៍នេះទៅកាន់ Hindustan Times ដោយនិយាយថា លោកបានលឺសំឡេងស្រែក នៅពេលឃើញសាច់ញាតិនៅព្រលានយន្តហោះ ។ ខ្ញុំមិនខ្លាចខ្លួនឯងទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថប់បារម្ភ៖ ចុះបើគាត់សម្លាប់ក្មេងស្រីនោះ? ខ្ញុំគិតថា ‘ចុះបើវាជាកូនស្រីខ្ញុំ?’ វាជាកាតព្វកិច្ចរបស់ខ្ញុំ ក្នុងនាមជាបុរស៕
