ព័ត៌មានអន្តរជាតិ

ចាប់ខ្លួនមនុស្ស២នាក់ ជុំវិញការរំលោភបូក លើអ្នកទេសចរជនជាតិ អ៊ីស្រាអែល និងស្ត្រី នៅប្រទេសឥណ្ឌា

VN Express

ឥណ្ឌា ៖ ប៉ូលិសបាន និយាយកាលពីថ្ងៃអាទិត្យថា ជនសង្ស័យ ២ នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការរំលោភបូក លើស្ត្រី២នាក់រួមទាំងអ្នកទេសចរ ជនជាតិអ៊ីស្រាអែល និងការស្លាប់ របស់បុរសម្នាក់ នៅជិតតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ក្នុងប្រទេសឥណ្ឌា យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។

ក្រុមស្ត្រី ២ នាក់ និងបុរស ៣ នាក់ត្រូវបានវាយប្រហារ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ នៅជិតវិមានក្រុមនៅ Hampi ដែលជាភូមិបុរាណមួយនៅរដ្ឋ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌា។ ករណីនេះបង្ហាញពីបញ្ហារ៉ាំរ៉ៃ នៃអំពើហឹង្សាលើស្ត្រី ក្នុងប្រទេសដែលមានប្រជាជនច្រើន ជាងគេលើពិភពលោក ជាមធ្យមការរំលោភសេពសន្ថវៈ ជិត ៩០ ក្នុងមួយថ្ងៃ ត្រូវបានរាយការណ៍កាលឆ្នាំ ២០២២ ។

នាយករដ្ឋមន្ត្រីរដ្ឋ Siddaramaiah បានបង្ហោះលើបណ្តាញសង្គមយក្សអាមេរិក X ថ្ងៃសៅរ៍ថា ការវាយប្រហារ និងការរំលោភដ៏គួរឲ្យរន្ធត់ គឺជាឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅ ។ លោកបានបន្ថែមថា ប៉ូលីសបានចាប់ខ្លួន ជនជាប់ចោទ២នាក់រួចហើយ ហើយកំពុងបន្តការស៊ើបអង្កេត។ យើងនឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារឧប្បត្តិហេតុបែបនេះ កុំឲ្យកើតមានឡើងវិញ។

នេះបើយោង តាមសេចក្តីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ក្រុមនេះត្រូវបានវាយប្រហារ ដោយបុគ្គលដែលជិះម៉ូតូ ខណៈកំពុងសម្លឹង មើលច្រាំងទន្លេ ក្នុងទីក្រុង Koppal បន្ទាប់ពីបដិសេធមិនផ្តល់ប្រាក់ដល់ពួកគេ ។ អ្នកវាយប្រហារបានបោះបុរសដែលមកពីប្រទេសឥណ្ឌា និងអាមេរិកទៅក្នុងព្រែកមុន នឹងចាប់រំលោភស្ត្រីទាំង២នាក់ ។

បុរសម្នាក់ក្នុងចំណោមបុរស ២ នាក់ មកពីប្រទេសឥណ្ឌា ត្រូវបានគេបញ្ជាក់ថា បានស្លាប់បន្ទាប់ពីប៉ូលិស បានរកឃើញសាកសពពីប្រឡាយ កាលពីថ្ងៃសៅរ៍។ ស្ត្រីទាំង ២ នាក់ជាភ្ញៀវទេសចរជនជាតិ អ៊ីស្រាអែល និងជាម្ចាស់ផ្ទះសំណាក់ក្នុងតំបន់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលពួកគេកំពុងទទួលការព្យាបាល ។

កាសែត The Times of India បានរាយការណ៍ថា ជនជាប់ចោទឈ្មោះ Mallesh Handi Malla អាយុ ២២ ឆ្នាំ និង Chetan Sai Sillekyatar អាយុ២១ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ខណៈប៉ូលីសកំពុងបន្តស្វែងរកជនសង្ស័យទី៣។

អគ្គនាយកប៉ូលីស Koppal លោក Ram L Arasiddi បានប្រាប់ទូរទស្សន៍ NDTV ថា ក្នុងចំណោម ជនជាប់ចោទទាំង៣នាក់ យើងបានចាប់ខ្លួន២នាក់ ហើយកិច្ចខិតខំប្រឹងប្រែង កំពុងត្រូវបាននាំយកទៅចាប់ខ្លួន ជនសង្ស័យទីបីក្នុងសំណុំរឿងនេះ ។ លោក Arasiddi បន្ថែមថា ស្ត្រីក្នុងតំបន់ដែលរងការវាយ ប្រហារបាននិយាយថា ក្រៅពីត្រូវបានវាយដំ ស្ត្រីទាំង២នាក់ត្រូវបានរំលោភផ្លូវភេទ ដោយជនជាប់ចោទ៕

Most Popular

To Top