កីឡា

លោក ហែម គីរី ៖ ការប្រកួតជើងឯកហែលទឹកយុវជនព្រឹទ្ធាចារ្យ ហែម ថុន ដើម្បីចម្រាញ់រកអត្តពលិកវ័យក្មេង ត្រៀមការកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា

ភ្នំពេញ៖ លោក ហឿន សំនៀង អនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក តំណាងលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងលោក ផៃ សុខ តំណាងឲ្យនាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទបានអញ្ជើញចូលរួមពិធីបិទក “ការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯក ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៧ ឆ្នាំ២០២៥ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជើងឯកយុវជន ពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៧ឆ្នាំនេះ សហព័ន្ធសម្លឹងបានធនធានជាជ័យលាភីល្អៗមួយចំនួន ដើម្បីត្រៀមប្រមូលផ្តុំថ្នាលបន្តវេនហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ដើម្បីត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩។

លោកបន្ថែមថា ជាការកត់សម្គាល់ ការរៀបចំការប្រកួតឆ្នាំ២០២៥ ទទួលបានចូលរួមច្រើន ដោយសារតែបើកទូលាយដល់កុមារា និងកុមារីគ្រប់ជាតិសាសន៍មកពីក្លឹបសាលាឯកជនជាច្រើន ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប ២២៨នាក់ ដោយចំនួននេះបានកើនឡើងទ្វេរដង បើប្រៀបធៀបនឹងព្រឹត្តិការណ៍ដូចគ្នាកន្លងទៅ។ អ្វីដែលសំខាន់លើលក្ខណៈបច្ចេកទេស គឺកុមារា កុមារីចាប់ពីវ័យ៧-៨ឆ្នាំឡើងនេះជាមូលដ្ឋានគ្រឹះនៃការចាប់ផ្តើមយល់ដឹងពីរបៀបរបបនៃការប្រកួតឲ្យឈានទៅរកកម្រិតខ្ពស់។

លោកអគ្គលេខាធិការបានបញ្ជាក់ថា បញ្ហាប្រឈមរបស់យើង គឺយើងត្រូវការការគាំទ្របន្ថែមពីវិស័យឯកជន ពីព្រោះថា ការប្រកួតលើកនេះទទួលការឧបត្ថម្ភទាំងស្រុងពីលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងលោកអ្នកឧកញ៉ាអនុប្រធានសហព័ន្ធចូលរួមដែរ ព្រមទាំងដៃគូឧបត្ថម្ភមួយចំនួនដែរ ប៉ុន្តែនៅមានកម្រិត។

លោកសង្ឃឹមថា បណ្តាក្រុមហ៊ុននានាចាប់អារម្មណ៍ចូលរួមឧបត្ថម្ភគាំទ្រឲ្យកាន់តែច្រើន ដើម្បីជំរុញឱ្យការប្រកួតបែបនេះកាន់តែល្អប្រសើរ ពីព្រោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចង់ឲ្យប្រជាពលរដ្ឋរបស់យើងយល់ដឹងអំពីផលប្រយោជន៍នៃកីឡា ដើម្បីជួយដល់សុខភាព។ ដូច្នេះកុមារា កុមារី ដែលមកហ្វឹកហាត់ និងប្រកួតហែលទឹកនេះ គឺជាចំណុចមួយដែលល្អបំផុត សម្រាប់ពួកគាត់ក្នុងការចាប់អារម្មណ៍ និងចូលរួមក្នុងវិស័យកីឡាផង ព្រមទាំងទទួលបានការថែរក្សាសុខភាពឲ្យបានល្អផង៕

ដោយ៖ លី ភីលីព

Most Popular

To Top