ភ្នំពេញ៖ ការប្រកួតកីឡាតេក្វាន់ដូ WT ដែលមានរហស័នាមថា “HOPE 2029 Taekwondo competition” ក្នុងដំណើរឆ្នោះទៅកាន់ព្រឹតិ្តការណ៍ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលប្រទេសកម្ពុជាធ្វើម្ចាស់ការប្រកួតជាផ្លូវការ ខណៈព្រឹត្តិការណ៍នេះធ្វើឡើងចម្រាញ់រកក្រុមកីឡាករ-កីឡាការីនវ័យក្មេងឆ្នើម ការប្រកួតរៀបចំដោយខេមរសហព័ន្ធកីឡាតេក្វាន់ដូបានសហការជាមួយបណ្ឌិត្យសភាតេក្វាន់ដូកម្ពុជា។

លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិកីឡាតេក្វាន់ដូ WT បាននិយាយថា ការប្រកួតកីឡាតេក្វាន់ដូ WTមានរហស័នាមថា “HOPE 2029 Taekwondo competition” មានក្លិបនៅទូទំាងរាជធានីភ្នំពេញ និងក្លិបចំនួននៅខេត្តកណ្តាលគឺក្លិបតេក្វាន់ដូ WT បក្សីដែក និងក្លិបតេក្វាន់ដូ WT វិទ្យាល័យហ៊ុនសែន សេរីភាព ដែលមានកីឡាករ-កីឡាការិនីជាង ៤០០ នាក់។

នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ធ្វើការប្រកួតប្រភេទវិញ្ញាសាមេគុន ដែលមាន ១៣ ក្លិបកីឡាតេក្វាន់ដូចូលរួម ចំណែកនាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ធ្វើការប្រកួតប្រភេទប្រយុទ្ធ ដែលមាន ១៧ ក្លិបកីឡាតេក្វាន់ដូចូលរួមការប្រកួតកីឡាតេក្វាន់ដូ WT HOPE 2029 នេះធ្វើឡើងក្នុងគោលបំណងស្វែងរកកីឡាករ-កីឡាការិនីវ័យក្មេងឆ្នើមៗលើប្រភេទកីឡាតេក្វាន់ដូ WT ត្រៀមព្រឹតិ្តការណ៍ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ ២០២៩ នៅប្រទេសកម្ពុជា។ ការប្រកួតមិនត្រឹមតែមានស្វែងរកកីឡាករ-កីឡាការិនីវ័យក្មេងឆ្នើមៗទេ ថែមទាំងជួយផ្នែកសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួត ។

លោកគ្របង្វឹកបាននិយាយថា ជំរុញឲ្យលើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជាកីឡាករ-កីឡាការិនីល្អៗ ចូលរួមក្នុងក្រុមជម្រើសជាតិនាពេលអនាគត និងបង្កលក្ខណៈឲ្យមានការជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុងសង្គម៕


ដោយ៖ លី ភីលីព
