កីឡា

លោកស្រី Madam Pang បំពេញទស្សនកិច្ចនៅទីក្រុងហាណូយ ដើម្បីជំរុញទំនាក់ទំនងវៀតណាម-ថៃ

Photo courtesy of Facebook/Madam Pang

ទីក្រុងហាណូយ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រធានសមាគមកីឡាបាល់ទាត់ថៃ (FAT) លោកស្រី Madam Pang បានមកដល់ទីក្រុងហាណូយកាលពីថ្ងៃព្រហស្បតិ៍ ដែលជាផ្នែកនៃកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងកីឡាអបអរសាទរខួបលើកទី៥០ នៃទំនាក់ទំនងការទូតវៀតណាម-ថៃ។

លោកស្រី Nualphan Lamsam ត្រូវបានមនុស្សគ្រប់គ្នាស្គាល់ជាទូទៅថា លោកស្រី Madam Pang បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៅពេលថ្ងៃត្រង់ ហើយត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រ។ លោកស្រីគ្រោងនឹងចូលរួមការប្រកួតបាល់ទាត់មិត្តភាពនារី U17 រវាងវៀតណាម និងថៃ នៅម៉ោង ៣ រសៀល។

ទន្ទឹមនឹងតួនាទីជាប្រធាន FAT លោកស្រី Pang ក៏មានតួនាទីជាអនុប្រធានសភាពាណិជ្ជកម្ម និងក្រុមប្រឹក្សាពាណិជ្ជកម្មនៃប្រទេសថៃផងដែរ។ ដំណើរទស្សនកិច្ចរបស់លោកស្រីមិនត្រឹមតែមានគោលបំណងជំរុញការអភិវឌ្ឍន៍កីឡាបាល់ទាត់ប៉ុណ្ណោះទេ ថែមទាំងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម និងវប្បធម៌រវាងប្រជាជាតិទាំង២ផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៤ ខែមីនា លោកស្រី Madam Pang បាននិយាយថា ការប្រកួតកាលពីថ្ងៃព្រហស្បតិ៍តំណាងឲ្យឱកាសក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២ ដែលកីឡាបាល់ទាត់គឺជាកីឡាដ៏ពេញនិយមបំផុត។

លោកស្រី Madam Pang បានបន្តថា ប្រទេសថៃ ៧០ភាគរយនៃចំនួនប្រជាជនមើលបាល់ទាត់។ នៅវៀតណាម ចំនួននោះកាន់តែខ្ពស់ជាមួយនឹង ៨២ភាករយ ។ ការប្រកួតនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររយៈពេលវែងដើម្បីគាំទ្រដល់ការរីកចម្រើននៃកីឡាបាល់ទាត់នារីក្នុងប្រទេសទាំង២៕

Most Popular

To Top