កីឡា

ក្រុមគណៈប្រតិភូ កីឡាវាយកូនឃ្លីលើតុកម្ពុជា ១៣នាក់ចូលរួម SEA YOUTH 2025 INDONESIA នៅឥណ្ឌូណេស៊ី

ភ្នំពេញ៖នាថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៥នេះ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានបញ្ជូនប្រតិភូគ្រូបង្វឹក អាជ្ញាកណ្តាលអន្តរជាតិ កីឡាករ-កីឡាការិនីចំនួន ១៣ នាក់ ចូលរួមការប្រកួតកីឡាវាយកូនឃ្លីលើតុយុវជនអាស៊ីអាគ្នេយ៍ “SEA YOUTH 2025 INDONESIA” នៅប្រទេសឥណ្ឌូណេស៊ី ក្រោមការអញ្ជើញពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអាស៊ីអាគ្នេយ៍ (SEATTA) South East Asia Table Tennis Association ។

លោក ហេង សុខជាតិ អគ្គលេខាធិការស្តីទីនៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាវាយ កូនឃ្លីលើតុកម្ពុជា បញ្ជូនប្រតិភូ គ្រូបង្វឹក អាជ្ញាកណ្តាលអន្តរជាតិ កីឡាករ-កីឡាការិនី ចំនួន ១៣នាក់ ចូលរួមការប្រកួតកីឡាវាយកូនឃ្លីលើតុយុវជនអាស៊ីអាគ្នេយ៍ “SEA YOUTH 2025 INDONESIA” ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូណេស៊ី ដើម្បីបង្កើនសមត្ថភាព បច្ចេកទេស និងគុណផលកីឡាត្រៀមចូលរួមប្រកួតកីឡាលក្ខណៈអន្តរជាតិនានា។

ការប្រកួតខាងលើកនេះរាល់ការចំណាយលើការស្នាក់នៅ និងហូបចុកជាបន្ទុករបស់ភាគីអញ្ជើញ សហព័ន្ធគោរពស្នើសុំក្រសួងអប់រំ យុវជន និងកីឡា មេត្តាឧបត្ថម្ភប្រាក់ហោប៉ៅដល់ប្រតិភូ គ្រូបង្វឹក អាជ្ញាកណ្តាលអន្តរជាតិ កីឡាករ និងកីឡាការិនីចំនួន ១៣នាក់។ ប្រកួតខាងលើនេះ ក៏ចំណុចចាប់ផ្តើម សម្រាប់អត្តពលិកវាយកូនឃ្លីលើតុ ដែលបានឈានចូលការ ប្រកួតកម្រិតអន្តរជាតិ ដើម្បីទទួលយកបទពិសោធន៍ថ្មីៗ និងការស្ទាប់ស្ទង់សមត្ថភាព និងបច្ចេកទេសរបស់ពួកគេ បន្ទាប់ពីពួកគេ បានធ្វើការហ្វឹកហាត់ជាច្រើនខែមកហើយ ដើម្បីត្រៀមខ្លួនក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAME 2025 លើកទី៣៣ នៅប្រទេសថៃប្រព្រឹត្តិចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី ២០ ខែឆ្នូ ឆ្នាំ២០២៥ខាងមុខនេះ ។

លោកប្រធានប្រតិភូបានបន្តថា តាងនាមសហព័ន្ធកីឡាវាយកូនឃ្លលើតុ សូមថ្លែងអំណរអរគុណដល់ហាងលក់សម្ភារកីឡាវាយកូនឃ្លីលើតុ NGO ECH EAV NITTAKU DISTRIBUTOR តែងតែជួយឧបត្ថម្ភដល់ប្រតិភូ គ្រូបង្វឹក អាជ្ញាកណ្តាល កីឡាករកីឡាការិនី នូវសម្លៀកបំពាក់ និងសម្ភារមួយចំនួនទៀតត្រៀមចេញទៅប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិនានា ជាពិសេសនាឱកាសចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០២៥នេះត្រូវចូលរួមប្រកួត ចាប់ពីថ្ងៃទី ១៧រហូតដល់ថ្ងៃទី២២ ជើងឯកយុវជនអាស៊ីអាគ្នេយ៍ SEA YOUTH 2025 INDONESIA នៅប្រឥណ្ឌូណេស៊ី ឆ្នាំ២០២៥ ៕

ដោយ៖ លី ភីលីព

Most Popular

To Top