ថៃ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុរសជនជាតិសិង្ហបុរី អាយុ ២៦ ឆ្នាំ ម្នាក់បានស្លាប់ក្នុង ចំណោមអ្នកស្លាប់ ២៥៣នាក់សម្រាប់ឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវហាយវេ មួយ នៅភាគខាងត្បូងប្រទេសថៃ ក្នុងអំឡុងពេល បុណ្យសង្ក្រាន្តជាពិធីបុណ្យបាញ់ ទឹកដាក់គ្នាដ៏ធំបំផុតរបស់ប្រទេសនេះ។
នេះបើយោងតាមកាសែត The Straits Times បានដកស្រង់ពីគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍របស់ប្រទេសថៃ បាននិយាយថា ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី ១៧ ខែមេសា ដែលជាថ្ងៃចុងក្រោយ នៃពិធីបុណ្យ ពេញមួយសប្តាហ៍ នៅពេលម៉ូតូរបស់គាត់បាន បុកជាមួយរថយន្តភីកអាប់ ដែលកំពុងធ្វើដំណើរ មកដល់ត្រង់ផ្លូវហាយវេ 410 Betong ។
ខ្សែវីដេអូ Dashcam ត្រូវបានចែកចាយ នៅលើបណ្តាញសង្គម Facebook បង្ហាញពីម៉ូតូពណ៌ប្រផេះ បើកពីគន្លងផ្លូវបញ្ច្រាស់ ចូលផ្លូវ របស់រថយន្តភីកអាប់ មុនពេលយន្តទាំង២បុកគ្នា ហើយនាពេលនោះផ្លូវសើមដោយ សារមានភ្លៀងធ្លាក់ ។ ខណៈអ្នកទេសចររូបនេះ បានធ្វើដំណើរជាមួយក្រុមមានគ្នា ៤ នាក់។ ពួកគេបានចំណាយពេល ជាច្រើនថ្ងៃនៅលើកោះសាមុយ ហើយធ្វើដំណើរទៅហាតយ៉ៃបន្ទាប់។
នេះបើតាមការចុះផ្សាយរបស់ Shin Min Daily News បាននិយាយថា ការស៊ើបអង្កេតបឋមរបស់ប៉ូលីស បានបង្ហាញថា គ្រោះថ្នាក់នេះ អាចបណ្តាលមកពីសម្បកកង់ម៉ូតូខូច និងរអិលលើផ្ទៃផ្លូវ។ ទោះបីជាមានការពេញនិយមក៏ដោយ ក៏សង្ក្រាន្តត្រូវបានអាជ្ញាធរថៃ ហៅថា “ថ្ងៃគ្រោះថ្នាក់ទាំង ៧ ” អស់រយៈពេលជាងមួយទសវត្សរ៍ ដើម្បីបង្ហាញពីការកើន ឡើងហានិភ័យសុវត្ថិភាពចរាចរណ៍ក្នុង អំឡុងពេលពិធីបុណ្យនេះ។
យោងតាមទិន្នន័យផ្លូវការបានឲ្យដឹងថា ពិធីបុណ្យសង្ក្រាន្តឆ្នាំនេះ មានការថយចុះ នៃគ្រោះថ្នាក់ចរាចរណ៍ របួស និងស្លាប់។ មានរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន ១,៥៣៨ លើក បណ្តាលឲ្យមានអ្នករងរបួសចំនួន ១,៤៩៥ នាក់ និងស្លាប់ចំនួន ២៥៣ នាក់ ធៀបនឹងការស្លាប់ចំនួន ២៨៧ នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន ២,០៤៤នាក់កាលពីឆ្នាំមុន៕
