កីឡា

កីឡាការិនីតេក្វាន់ដូ WT ៥ រូបធ្វើការហ្វឹកហាត់ យ៉ាសកម្ម ត្រៀមខ្លួនចូលរួមការប្រកួត កីឡាសាកលវិទ្យាល័យ រដូវក្ដៅពិភពលោក លើកទី៣២ ឆ្នាំ២០២៥ នៅអាល្លឺម៉ង់

ភ្នំពេញ ៖ ប្រទេសកម្ពុជាត្រៀមខ្លួន បញ្ជូនគណៈប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីចំនួន ៦ ប្រភេទកីឡា ក្នុងនោះប្រភេទតេក្វាន់ដូ WT ក៏បានបញ្ជូនកីឡាការិនី ៥ នាក់ និងគ្រូបង្វឹកចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា សាកលវិទ្យាល័យ រដូវក្ដៅពិភពលោកលើកទី៣២ ឆ្នាំ២០២៥ នឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់ នាពេលខាងមុខនេះ ។

លោក ឆយ យ៉ុងសុក គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាតេក្វាន់ដូ WT បានប្រាប់ឲ្យថា ក្រុមកីឡាជម្រើសជាតិកីឡាតេក្វាន់ដូ WT ធ្វើការហ្វឹកហាត់ដើម្បីត្រៀមខ្លួន ចូលរួមក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាសាកលវិទ្យាល័យ រដូវក្ដៅពិភពលោកលើកទី៣២ ឆ្នាំ២០២៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់ និងព្រឹត្តិការណ៍ការប្រកួត កីឡាយុវជន អាស៊ីនាខែតុលា ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន ។ ការប្រកួតសាកលវិទ្យាល័យ រដូវក្ដៅពិភពលោក មានកីឡាការិនីតេក្វាន់ដូ WT ចំនួន ៥ នាក់ និងគ្រូបង្វឹក ចំណែកការប្រកួតកីឡា យុវជនអាស៊ី នាខែតុលា មានកីឡាករ ២នាក់ និងកីឡាការិនី ១ នាក់ ។

លោក ឆយ យ៉ុងសុក បានបន្តថា កីឡាការិនីតេក្វាន់ដូ WT ចំនួន ៥ នាក់ នេះមានបទពិសោធន៍ ច្រើនក្នុងការប្រកួត កម្រិតអន្តរជាតិ ជាពិសេស កីឡាការិនី ឈឿង អាលីហ្សា ជាម្ចាស់មេដាយប្រាក់ការប្រកួតកីឡា SEA GAME ២ដង និងជាកីឡាការិនីមានបទពិសោធន៍ច្រើន ។ ការប្រកួតកីឡាសាកលវិទ្យាល័យរដូវក្ដៅ ពិភពលោកលោកមានសង្ឃឹម ហើយរាល់ការប្រកួតលោកមានសង្ឃឹមជានិច្ច ដោយសារកីឡាការិនី ខំប្រឹងគ្រប់គ្នាទំាងការហ្វឹកហាត់ និងការប្រកួត ។

យោងលិខិតអញ្ជើញ របស់ប្រធានសហព័ន្ធកីឡាសាកលវិទ្យាល័យអន្តរជាតិ សហព័ន្ធកីឡាសាកលវិទ្យាល័យអាល្លឺម៉ង់ និងគណៈកម្មការរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យរដូវក្ដៅពិភពលោកលើកទី៣២ ឆ្នាំ២០២៥ នៅទីក្រុង Rhine-Ruhr ប្រទេស អាល្លឺម៉ង់។ កម្ពុជាបានបញ្ជូនកីឡាចំនួន ៦ ប្រភេទកីឡារួមមានកីឡាតេក្វាន់ដូ WT កីឡាគុនដាវ កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡាវាយសី និងកីឡាយូដូ ។

លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងប្រធានប្រតិភូ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងអនុប្រធានប្រតិភូ លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួង អយក និងជានាយបេសកកម្មលោក ឈុន ចាន់ធូ អគ្គនាយករង និងនាយរងបេសកកម្ម លោក លោក បឹង គឹមតោ ប្រធាននាយកដ្ឋានសិស្ស និងនិស្សិត អនុប្រធាននាយកដ្ឋាន.រពសក ទទួលបន្ទុករដ្ឋបាល លោក ឈឹម សំបឿនប្រធានការិយាល័យកិច្ចការទូទៅ នា.អកសន ទទួលបន្ទុកហិរញ្ញវត្ថុ និងលោក ជឹម ផល្ល មន្ត្រីពេទ្យ៕

Most Popular

To Top