ភ្នំពេញ៖ ព្រឹត្តិការណ៍ការ ប្រកួតប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serie by K-Cement បានរកឃើញអ្នកបឈ្នះចុងក្រោយ នៃវគ្គជម្រុះជុំទី១ហើយ ដោយអ្នកប្រដាល់២រូបថែមទៀត មកពីក្លិបបូរីរាជសីហ៍មានរិទ្ធចាញ់ដូចគ្នា ។
អ្នកប្រដាល់ លីន សុខឈុន ក្លិបបូរីរាជសីហ៍មានរិទ្ធ ត្រូវអ្នកប្រដាល់ពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡា ប្រើជង្គង់វាយឲ្យសន្លប់ មុនស្នូរជួងបញ្ចប់ទឹកទី២ ចំណែកអ្នកប្រដាល់សុខឈុន ជាអ្នកប្រដាល់ជើងថ្មី មិនទាន់មានកេរ្តិ៍ឈ្មោះនៅឡើយទេ ចំពោះវណ្ណៈគេជាអ្នកប្រដាល់ដែលមានឈ្មោះបោះសម្លេង ព្រមទាំងធ្លាប់ឆ្លងកាត់ ការប្រកួតជាលក្ខណៈអន្តរជាតិទៀតផង ។
ការប្រកួតនេះវណ្ណៈពិតជាដឹងខ្លួនឯងថា ឈ្នះមុនរួចទៅហើយ ក្នុងខណៈដែលសុខឈុនក៏ទទួលស្គាល់ថា ជាការប្រកួតមួយដែលគេពិតជាលំបាក ។ នៅទឹកទី១វណ្ណៈមិនទាន់វ៉ៃក៏ពិតមែន តែមកដល់ទឹកទី២វណ្ណៈចាប់ផ្ដើមវាយប្រហារ ដោយជង្គង់ធ្វើឲ្យសុខឈុនដួលទៅលើក្ដារសង្វៀនហើយ ត្រូវអាជ្ញាកណ្ដាលរាប់៨និងបន្តដល់១០ហើយ សុំបោះបង់ចោលការប្រកួតតែម្ដង ។ សុខឈុនខ្ទាតចេញពីការប្រកួត តែត្រឹមនេះចំពោះវណ្ណៈត្រៀមខ្លួន ឡើងប្រកួតបន្តវគ្គជម្រុះជុំទី២ ។
ចំពោះអ្នកប្រដាល់លីន វីរៈក្លិបបូរីរាជសីហ៍មានរិទ្ធដែរនោះ ប្រកួតចាញ់អ្នកប្រដាល់សូត្រ ខេវិនក្លិបបក្សីស្លាបដែកដោយពិន្ទុដាច់ ។វីរៈជាអ្នកប្រដាល់ ដែលមានអំណួតខ្លាំងណាស់ តែពេលជួបជាមួយខេវិនគេទៅមិនរួច ជាមួយជង្គង់របស់ខេវិនឡើយ នៅពេលវិរៈចេញជង្គង់បានមួយហើយវ៉ៃ មិនបានល្អដូចខេវិនឡើយ មិនតែប៉ុណ្ណោះគេតែងតែដួល ទៅលើសង្វៀនជាញឹកញាប់ទៀតផង។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាពេញទាំង៣ទឹក ដោយសូត្រ ខេវិនបានទទួលជ័យជំនះដោយពិន្ទុ ។ ខេវិនត្រៀមខ្លួនឡើងប្រកួតបន្តនៅជុំទី២ក្នុង ខណៈលីន វីរៈខ្ទាតចេញពីការប្រកួតទៅហើយ ពេលនេះអ្នកប្រដាល់ចំនួន៣២រូប គឺមាន១៦រូបខ្ទាតចេញពីការប្រកួតនិង១៦រូបត្រៀមខ្លួនឡើងប្រកួតបន្តទៅវគ្គជម្រុះជុំទី២ទៀត៕ ដោយ៖លី ភីលីព