កីឡា

លោកស សុខា៖ ប្តេជ្ញាសម្រេចឲ្យបាននូវមុំមួយ ក្នុងចំណោមមុំទាំង៤ នៃការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួម បើកកិច្ចប្រជុំបូកសរុបការងារ អនុវិស័យអប់រំកាយ និងកីឡាឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ សាលប្រជុំទន្លេបាសាក់២ ព្រមទំាអគ្គលេខាធិការ គណៈកម្មាការជាតិអូឡាំពិក តំណាងគណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងតំណាំងគណៈកម្មការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ប្រធាន អនុប្រធានមន្ទីរ និងប្រធានអនុប្រធានការិយាល័យ កីឡាទាំង២៥ រាជធានី ខេត្ត អគ្គនាយក លោកអគ្គនាយករង ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការក្រោមឱវាទ ក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡាឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានកីឡា ចាប់ពីថ្ងៃទី០៣-០៤ ខែកុម្ភៈឆ្នាំ២០២០ ក្នុងនោះមានសិក្ខាកាមសរុប ប្រមាណ៣០០នាក់ មកពីអង្គភាពជំនាញក្រោមអគ្គនាយកដ្ឋានកីឡា សហព័ន្ធកីឡជាតិ អង្គភាពដៃគូ និងមន្ទីរ អប់រំ យុវជន និងកីឡារាជធានីខេត្ត នាពេលនេះ។

លោក ស សុខា បានមានប្រសាសន៍ថា ឆ្លើយតបទៅនឹងយុទ្ទសាស្ត្រចតុកោណតំណាក់កាលទី៤ ក្រសួងអប់រំ យុវជន និងកីឡា ប្តេជ្ញាសម្រេចឲ្យបាននូវមុំមួយក្នុងចំណោមមុំទាំង៤គឺ “ការពង្រឹងគុណភាពអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” ដោយផ្តល់អាទិភាពលើ ការយកចិត្តទុកដាក់លើគ្រូបង្រៀន ការពង្រឹងវិសាលភាពសាលារៀនគ្រប់កម្រិត ការពង្រឹងអធិការកិច្ច គ្រប់ជ្រុងជ្រោយលើការគ្រប់គ្រងសាលារៀន ការជំរុញការអប់រំបច្ចេកទេស នៅមធ្យមសិក្សាទុតិយភូមិ ការអប់រំបំណិនឲ្យស្របតាមទីផ្សារការងារ ការអភិវឌ្ឍកម្មវិធីសិក្សា និងសៀវភៅសិក្សាគោលគ្រប់ជ្រុងជ្រោយ និងការត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។

លោកបានបន្តថា ទន្ទឹមនឹងនេះក្នុងអង្គសន្និបាតឆ្នាំសិក្សា២០១៨-២០១៩ កន្លងមកលោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានដាក់ចេញ យុទ្ធសាស្រ្តកំណែទម្រង់លើវិស័យអប់រំកាយ និងកីឡាចំនួនដប់ចំនុច ដូចជា៖ការរៀបចំផែនការ សកម្មភាពរយៈពេល ៥ឆ្នាំ ដើម្បីអនុវត្តគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍវិស័យអប់រំកាយនិងកីឡា និងរៀបចំកែទម្រង់ការប្រកួតកីឡាជាតិ ស្របតាមស្តង់ដារកីឡាស៊ីហ្គម ការសិក្សាលើវិញ្ញាសាកីឡាសក្តានុពល ហើយផ្តល់អាទិភាពទៅលើប្រភេទ និងវិញ្ញាសាកីឡាទាំងនោះ ការសិក្សាអំពីភាពខ្លាំងនៃប្រភេទកីឡា និងវិញ្ញាសានីមួយៗរបស់ប្រទេសអាស៊ាន ការបំពាក់សម្ភារហ្វឹកហាត់ លើប្រភេទនិងវិញ្ញាសាកីឡាអាទិភាព និងការផ្តល់ថវិកាគាំទ្រដល់សហព័ន្ធ ការលើកកម្ពស់កីឡាប្រពៃណីតាមរយៈកីឡាជាតិលើកទី៣ ការបង្កើត ពង្រឹង និងពង្រីកសមាគម ក្លឹប និងការជំរុញសកម្មភាពកីឡាឲ្យបានផុសផុល ។

លោករដ្ឋលេខាធិការបានបន្ថែមថា ការពិភាក្សាជាមួយនាយកដ្ឋានបុគ្គលិក ក្នុងការបែងចែកគ្រូអប់រំកាយនិងកីឡា ទៅបម្រើការងារតាមរាជធានីខេត្ត ឲ្យបានគ្រប់គ្រាន់ ការបណ្តុះបណ្តាលកីឡាករថ្នាល និងកីឡាករជម្រើសជាតិ ដោយមានការតាមដាន និងវាយតម្លៃបច្ចេកទេសត្រឹមត្រូវ ពង្រឹងការអប់រំកាយ និងកីឡាក្នុងសាលារៀន ដោយយកចិត្តទុកដាក់លើការពង្រាយគ្រូ ការអនុវត្តម៉ោងកីឡា ការប្រែក្លាយពីការអប់រំកាយទៅជាកីឡា ការបញ្ជា្របការអប់រំកាយ និងកីឡានៅតាមសាលាគរុកោសល្យ និងការពង្រីកការអប់រំកាយ និងកីឡានៅក្រៅសាលារៀនដោយយកចិត្តទុកដាក់លើកទីលាន ការជំរុញការហាត់ប្រាណ ការបង្កើតក្លឹបកីឡានៅតាមខេត្ត៕
ដោយ៖លី ភីលីព

Most Popular

To Top