កីឡា

ក្រុមហាប់គីដូកម្ពុជាដណ្តើមបានមេដាយ ១១ គ្រឿងនៃការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី២នៅឥណ្ឌូណេស៊ី

ភ្នំពេញ៖ កាលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ក្រុមអត្តពលិកកីឡាហាប់គីដូកម្ពុជាដណ្តើមបានមេដាយចំនួន ១១ គ្រឿងនៅថ្ងៃបើកឆាកតដំបូងលើឆាកអន្តរជាតិក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ “2″d South East Asia Hapkids Championship 2025” នៅទីក្រុងYogyakarta ប្រទេសឥណ្ឌូណេស៊ី ។

លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូកម្ពុជាបានប្រាប់តាមពីឥណ្ឌូណេស៊ី ឲ្យដឹងថា ក្រុមកីឡាហាប់គីដូយើងដណ្តើមបានមេដាយសរុប ១១ គ្រឿង ក្នុងនោះមាស ១ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៧ គ្រឿង សម្រាប់ការប្រកួតកាលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។ សហព័ន្ធកីឡាហាប់គីដូកម្ពុជាក្រោមការដឹកនាំដោយឧកញ៉ា សៅ សេងហាក់ បានបញ្ជូនមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១៥ នាក់ចូលរួមការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ ក្នុងនោះកីឡាករ ៧ នាក់ និងកីឡាការិនី ៤ នាក់។

លោកអគ្គលេខាធិការបានបន្តថា ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំនេះមាន ៨ ប្រទេសចូលរួម ក៏ជាប្រទេសដែលសម្បូរទៅដោយកីឡាករ-កីឡាការិនីជើងខ្លាំងដែរ។ ចំណែកក្រុមកីឡាកម្ពុជាក៏បានត្រៀមខ្លួនខ្លះ ដោយសារយើងនៅខ្វះកម្រិតបច្ចេកទេសបន្តិចទៀត សព្វថ្ងៃនេះយើងកំពុងធ្វើការហ្វឹកហាត់យ៉ាងសកម្ម ពីព្រោះការប្រកួតលើកនេះយើងត្រូវគោរពតាមលក្ខខណ្ឌរបស់សហព័ន្ធអន្តរជាតិ។

លោក គង់ ចាន់ធីណា បានបញ្ជាក់ថា សហព័ន្ធកីឡាហាប់គីដូកម្ពុជាសព្វថ្ងៃនេះធ្វើដំណើរទៅមុខ ដោយសារប្រធានសហព័ន្ធកីឡាហាប់គីដូកម្ពុជា ឧកញ៉ា សៅ សេងហាក់ លោក គួច ហុង ជៀក អនុប្រធានសហព័ន្ធ និងសមាជិករបស់សហព័ន្ធកីឡា មិនទាន់មានការជួយឧបត្ថម្ភពីក្រុមហ៊ុនឯកជន និងក្រសួងអប់រំ យុវជន និងកីឡាដូចសហព័ន្ធកីឡាជាតិនានាឡើយ។ រាល់ចំណាយគ្រប់បែបយ៉ាង និងការប្រកួតជើងឯកថ្នាក់ជាតិរបស់សហព័ន្ធកីឡាហាប់គីដូកម្ពុជាជាថវិកាឧកញ៉ា សៅ សេងហាក់ សហព័ន្ធកីឡាហាប់គីដូកម្ពុជា និងលោក គួច ហុង ជៀក អនុប្រធានសហព័ន្ធ៕

ដោយ៖ លី ភីលីព

Most Popular

To Top