កីឡា

លោកបណ្ឌិត ថោង ខុន ៖ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ ធ្វើឡើងដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នេះបានអញ្ជើញចូលរួមជាកិត្តិយសក្នុងទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ លើកទី១៣ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ធ្វើឡើងដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ លើកទី១៣ ប្រព្រឹត្តិឡើងដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា ។

លោកបណ្ឌិតបានបញ្ជាក់ថា ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា ជាកូន ជាចៅ ចៅទួត និងអត្តពលិកជាតិ-អន្តរជាតិទាំងអស់ សូមព្រះបរមរាជានុញ្ញាតថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីទ្រង់បន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា ជាយូរអង្វែងតរៀងទៅ។

ឆ្នាំនេះ គណៈកម្មការរៀបចំបានទទួលអ្នកចូលរួមរត់សរុបចំនួន ៥០១០ នាក់ ក្នុងនោះអត្តពលិកជាតិចំនួន ៤៣៥៩នាក់ និងអត្តពលិកអន្តរជាតិ ចំនួន ៦៥១នាក់ មកពី ៤២ប្រទេស ដែលប្រទេសចូលរួមច្រើនជាងគេរួមមាន ចិន ជប៉ុន បារំាង ហ្វីលីពីន និងម៉ាឡេស៊ី៕

ដោយ៖ លី ភីលីព

Most Popular

To Top