អ៊ីស្លាម៉ាបាដ៖ទីភ្នាក់ងារស៊ើប អង្កេតឧក្រិដ្ឋកម្ម តាមអ៊ីនធើណេតជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១០ កក្កដា) ប្រាប់ឲ្យដឹងថា ប៉ូលិសប៉ាគីស្ថាន បានចាប់ខ្លួនមនុស្ស ១៤៩ នាក់ ក្នុងនោះមានជនបរទេស ៧១ នាក់ ភាគច្រើន ជាជនជាតិចិន ក្នុងការវាយឆ្មក់លើមជ្ឈមណ្ឌល បោកប្រាស់តាមទូរស័ព្ទ យោងតាមការចេញ ផ្សាយពីគេហទំព័រ Channelnewsasia ។
ទីភ្នាក់ងារនេះបាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលវាយឆ្មក់ មជ្ឈមណ្ឌលបោកប្រាស់ តាមទូរស័ព្ទដ៏ធំមួយត្រូវបានគេរកឃើញ ដែលពាក់ព័ន្ធនឹងគម្រោង Ponzi និងការក្លែងបន្លំការវិនិយោគ។ តាមរយៈបណ្តាញក្លែងបន្លំនេះ សាធារណជន កំពុងត្រូវបានបោកប្រាស់ ហើយលុយដ៏ច្រើនសន្ធឹកសន្ធាប់ កំពុងត្រូវបានប្រមូល ដោយខុសច្បាប់។
ទីភ្នាក់ងារនេះបានប្រាប់ AFP ថា ការវាយឆ្មក់នេះ គឺនៅឯគេហដ្ឋានរបស់លោក Tasheen Awan ដែលជាអតីត ប្រធានបណ្តាញ អគ្គិសនីរបស់ទីក្រុងនេះ ដែលមិនត្រូវបានចាប់ខ្លួន។ មនុស្សដែលត្រូវបានចាប់ខ្លួន ទាំងអស់ត្រូវបានឃុំខ្លួន ក្នុងនោះមានជនជាតិប៉ាគីស្ថាន ៧៨ នាក់ និងចិន ៤៨ នាក់ ព្រមទាំងពលរដ្ឋមកពីប្រទេសនីហ្សេរីយ៉ា ហ្វីលីពីន ស្រីលង្កា បង់ក្លាដែស ហ្ស៊ីមបាវ៉េ និងមីយ៉ាន់ម៉ា ។
ច្បាប់ចម្លង នៃរបាយការណ៍ របស់ប៉ូលីសបាននិយាយថា ជនរងគ្រោះដំបូងនឹងទទួល បានផលចំណេញ តិចតួចលើការ វិនិយោគដំបូងរបស់ពួកគេ មុនពេលត្រូវបានបញ្ចុះបញ្ចូលឲ្យប្រគល់ ប្រាក់ដែលមានទំហំធំ ។ បុគ្គលដែលត្រូវ បានចោទប្រកាន់បានរត់ក្រុម WhatsApp ជាកន្លែងដែលពួកគេបានទាក់ទាញ មនុស្សសាមញ្ញ ដោយចាត់ចែង កិច្ចការវិនិយោគតូចៗដូចជាការជាវបណ្តាញ TikTok និង YouTube ផ្សេងៗគ្នា៕
