ភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំពិធីប្រកាសសេចក្តីសម្រេចការបង្កើត និងប្រគល់ជូនក្រុមមេធាវី ប្រចាំសហព័ន្ធ ដើម្បីការពារ ក្តីឲ្យសហព័ន្ធ កីឡាករ-កីឡាការិនីគុនខ្មែរ ដោយមានការអញ្ជើញ ចូលរួមពី សំណាក់លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សមាជិក និង ក្រុមមេធាវីចំនួន ៣១ នាក់នៅ សាលប្រជុំ មជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ។

លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់ គុនខ្មែរ បានមានប្រសាសន៍ថា ក្រុមមេធាវីប្រចាំសហព័ន្ធ កីឡាប្រដាល់ គុនខ្មែរ មានតួនាទី និងភារកិច្ចជាច្រើន សម្រាប់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមមាន ជាសេនាធិការ ជូនសហព័ន្ធ កីឡាប្រដាល់ គុនខ្មែរ រៀបចំកែសម្រួល ធ្វើកិច្ចសន្យា និងលិខិតស្នាមពាក់ព័ន្ធ និងការពារក្ដីនៅតុលាការ គ្រប់ជាន់ថ្នាក់ និងដោះស្រាយវិវាទនានា ក្នុងនោះក៏រៀបចំធ្វើឯកសារ និងលិខិតបទដ្ឋានគតិយុត្តនានា ថែមផ្តល់ការប្រឹក្សាផ្នែកច្បាប់ ធ្វើជាអ្នកតំណាង ស្របច្បាប់ និង ការពារសិទ្ធិឱ្យសហព័ន្ធកីឡាប្រដាល់ គុនខ្មែរ ព្រមទាំងបំពេញការងារផ្សេងៗ ទៀតតាមការ ប្រគល់ជូនពីថ្នាក់ដឹកនាំ ។

លោកប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមកោតសរសើរ ដល់ក្រុមមេធាវីទំាងអស់ បានចូលរួមជាមួយសហព័ន្ធ សកម្មភាពនេះ សបញ្ជាក់ពីចូ លរួមចំណែកអភិឌ្ឍន កីឡាគុនខ្មែរ ដោយឡែកចូលរួមការពារផ្លូវច្បាប់ ក៏ដូចជាជួយផ្តល់ផ្លូវច្បាប់ សម្រាប់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។ សព្វថ្ងៃនេះសហព័ន្ធកីឡា ប្រដាល់គុនខ្មែរបានផ្សព្វផ្សាយ នៅក្រៅប្រទេស ដែលធ្វើឲ្យបរទេសស្គាល់ប្រទេសកម្ពុជា និងក្បាច់គុនខ្មែរផងដែរ ។

ក្រុមមេធាវីប្រចាំ សហព័ន្ធកីឡាប្រដាល់គុនខ្មែរចំនួន ៣១ នាក់ ក្នុងនោះលោក សៀន សុខភក្រ្ត អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាប្រធាន លោក អ៊ុន ធារ៉ា អនុប្រធានប្រចាំការ លោក ផន រ៉ាត់ លោក ស៊ សេងហុង លោក វ៉ាត់ គឹមលី លោក ប្រាក់ កែវតារា លោក សួស ស៊ីវឆេង អនុប្រធាន និងមេធាវី ១៤ នាក់ទៀតជាសមាជិក៕




