សិង្ហបុរី ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុរសជនជាតិសិង្ហបុរីម្នាក់ត្រូវ បានកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល ១៦ ខែ និងពិន័យជាប្រាក់ចំនួន ៤០០ ដុល្លារសិង្ហបុរី ( ៣១១ ដុល្លារអាមេរិក) កាលពីថ្ងៃទី ២៦ ខែសីហា បន្ទាប់ពីលោកបានផលិត Kpods etomidate-laced សម្រាប់លក់ឲ្យអ្នកប្រើប្រាស់ e-vaporiser នេះជាករណីដំបូងដែលពាក់ព័ន្ធនឹង បារីអេឡិចត្រូនិកបែបនេះ ត្រូវបាននាំទៅកាត់ទោសនៅសិង្ហបុរី។
យោងតាមការចោទប្រកាន់នេះ បានឲ្យដឹងថា នៅខែធ្នូ ឆ្នាំ ២០២៤ លោក Mohammed Akil Abdul Rahim អាយុ ៤១ ឆ្នាំត្រូវបានចាប់បានដោយដៃក្រហមនៅផ្ទះល្វែងរបស់លោកជាមួយនឹងម្សៅពណ៌សចំនួន ២៦.4 ក្រាម មានផ្ទុកសារធាតុ Etomidate គ្រប់គ្រាន់សម្រាប់ផលិតជាង ៧០ Kpods ។ លោកបានសារភាពកំហុសកាលពីថ្ងៃទី ១៣ ខែសីហា ចំពោះការចោទប្រកាន់ជាច្រើន ដែលភាគច្រើនទាក់ទងនឹងផលិតផលទាក់ទងនឹងការជក់បារី។ លោកក៏បានសារភាពថា លោកបានធ្វើសេចក្តីថ្លែងការណ៍មិនពិតទៅកាន់អាជ្ញាធរអន្តោប្រវេសន៍ និងប៉ុស្តិ៍ត្រួតពិនិត្យ (ICA) នៃប្រទេសសិង្ហបុរី។
ចៅក្រមរងស្រុក លោកស្រី Ong Chin Rhu បាននិយាយថា ការទប់ស្កាត់គឺសំខាន់បំផុតក្នុងបទល្មើសដែលទាក់ទងនឹង etomidate និងការរំលោភបំពានរបស់វា ត្រូវបានគេរកឃើញនៅក្នុងការស្លាប់ខុសពីធម្មជាតិជាច្រើន និងគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរនាពេលថ្មីៗនេះនៅប្រទេសសិង្ហបុរី។ លោកស្រីបានសង្កត់ធ្ងន់ថា ករណីរបស់ Akil មានធាតុឆ្លងដែន ហើយអាចមានការចូលរួមក្នុងក្រុម។
មុននោះ នៅថ្ងៃទី ២៤ ខែសីហា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Ong Ye Kung បាននិយាយថា ថ្នាំ etomidate ដែលបច្ចុប្បន្នត្រូវបានចុះបញ្ជីនៅក្រោមច្បាប់ថ្នាំពុល នឹងត្រូវបានចាត់ថ្នាក់ជាថ្នាំខុសច្បាប់ចាប់ពីថ្ងៃទី ១ ខែកញ្ញា។ សារធាតុគីមីនេះនឹងត្រូវបានចាត់ថ្នាក់ក្រោមច្បាប់ស្តីពីការប្រើប្រាស់ខុស (MDA) ជាឱសថប្រភេទ C មានន័យថា វាមានគ្រោះថ្នាក់គ្រប់គ្រាន់ដើម្បីទាមទារការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។ អ្នកបំពាននឹងប្រឈមមុខនឹងការពិន័យធ្ងន់ធ្ងរ ដូចជាការផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមា ១០ ឆ្នាំ និងពិន័យជាប្រាក់ ២០,0000 ដុល្លារសិង្ហបុរីសម្រាប់ការកាន់កាប់ និងប្រើប្រាស់ដោយខុសច្បាប់៕
