ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង និងមេដាយប្រាក់១ គ្រឿងទៀតប្រភេទការប្រកួតពានសមាគម ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជើងឯក អាស៊ីលើកទី៦ ឆ្នាំ២០២៥ “The 6th Asian Pétanque Championships 2025” នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។

កីឡាករប៉េតង់កម្ពុជា នន់ រ៉ាវីន ដណ្តើមបានមេដាយមាស លើវិញ្ញាសាវាយយកពិន្ទុ បន្ទាប់ពីរូបគេបានយកឈ្នះលើក កីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ ដូច្នេះកម្ពុជា ទទួលបានមេដាយមាស ម៉ាឡេស៊ី ទទួលបានមេដាយប្រាក់ និងថៃ និងជប៉ុន ទទួលបានមេដាយសំរិទ្ធ ។

ក្រុមជម្រើសជាតិកីឡាប៊ូល និងប៉េតង់កម្ពុជា ផ្នែកកីឡាការិនី ដណ្តើមបានមេដាយមាស លើវិញ្ញាសា នារី ៣ នាក់ ទល់ ៣នាក់ បន្ទាប់ពីក្រុមកីឡាការិនី បានយកឈ្នះលើកក្រុមកីឡាការិនីប្រទេសវៀតណាម ក្នុងលទ្ធផល ១៣ ទល់នឹង ៥ នៅវគ្គផ្ដាច់ព្រ័ត្រ ។ ក្រុមកីឡាការិនីកម្ពុជា ទទួលបានមេដាយមាស ក្រុមកីឡាការិនីវៀតណាម ទទួលបានមេដាយប្រាក់ និងក្រុមកីឡាការិនីវៀតណាម និងក្រុមកីឡាការិនីម្ចាស់ផ្ទះម៉ាឡេស៊ី ទទួលបានមេដាយសំរិទ្ធ។
ក្រុមជម្រើសជាតិកីឡាប៊ូល និង ប៉េតង់កម្ពុជា ផ្នែកកីឡាករ ដណ្តើមបានមេដាយប្រាក់ លើវិញ្ញាសា បុរស ៣ នាក់ ទល់ ៣នាក់ បន្ទាប់ពីក្រុមកីឡាករ បានចាញ់ក្រុមកីឡាករប្រទេសថៃ ក្នុងលទ្ធផល ១៣ ទល់នឹង ១២ នៅវគ្គផ្ដាច់ព្រ័ត្រ។ ក្រុមកីឡាករថៃទទួលបានមេដាយមាស ក្រុមកីឡាករកម្ពុជា ទទួលបានមេដាយប្រាក់ និងក្រុមកីឡាករ ឥណ្ឌូនេស៊ី និងក្រុមកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី ទទួលបានមេដាយសំរិទ្ធ ៕
