កីឡា

គណៈកម្មាធិការជាតិ ស្ប៉េស្យាល់ អូឡាំពិកកម្ពុជា ប្រកាសបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹក កីឡាវាយកូនឃ្លីលើតុ នៅខេត្តកណ្តាល

ខេត្តកណ្ដាល ៖ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងលោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល និង ជាប្រធានអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តកណ្តាល បានអញ្ជើញជាគណៈអធិបតី ក្នុងពិធី បិទវគ្គ បណ្តុះបណ្តាលគ្រូបង្វឹក កីឡាវាយកូនឃ្លីលើតុ ដោយមានការចូលរួមពី មន្ទីរពាក់ព័ន្ធ និងសិក្ខាកាម ជាច្រើននាក់ផងដែរ ។

លោក សែម សុខា បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ជាអង្គការ មិនរកប្រាក់កម្រៃ មានការទទួលខុសត្រូវក្នុងការអភិវឌ្ឍចលនា កីឡាជនបញ្ញាខ្សោយ ទាំងក្មេង ទាំងចាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ គណៈកម្មាធិការជាតិ ស្ប៉េស្យាល់ អូឡាំពិកកម្ពុជា បានយកចិត្តទុដាក់ជួយជនពិការខ្សោយសតិ បញ្ញាឲ្យទទួលបានសិទ្ធិ ពេញលេញ ក្នុងការចូលរួមសកម្មភាពសង្គមតាមរយៈវិស័យកីឡា ដែលធ្វើឱ្យពួកគាត់ទទួលបាននូវ សុខុមាលភាព មានភាពក្លាហាន មានបញ្ញាស្មារតីរឹងមាំ សីលធម៌សេចក្តីថ្លៃថ្នូរ ភាពរាក់ទាក់ពីសំណាក់អាណាព្យាបាល និង ជៀសផុតពីការរើសអើងផ្សេងៗនៅក្នុងសង្គម។

លោក បានបន្ថែមទៀតថា គណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានសហការជាមួយស្ថាប័ន អង្គការ សមាគមនានា ដែលបានគ្រប់គ្រងជនពិការខ្សោយសតិបញ្ញា ដើម្បីលើកទឹកចិត្ត ដល់ក្មួយៗ ជនពិការខ្សោយសតិបញ្ញា បានចូលរួមលេងកីឡា ឱ្យបាន ផលផុស ដែលនេះជាការឆ្លុះបញ្ចាំងនូវការយកចិត្តទុក ដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជនពិការ។ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ជានិច្ចកាលតែងតែបានយក ចិត្តទុដាក់ក្នុងការពង្រីកចលនាកីឡាស្ប៉េស្យាល់អូឡាំពិកនៅ តាមរាជធានី ខេត្ត និងបានបន្ថែមវិញ្ញាសាកីឡាថ្មីៗទៀត។

ចំណែក លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល និងជាប្រធានអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តកណ្តាល បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលគ្រូ បង្វឹកកីឡាវាយកូនឃ្លីលើតុនាពេលនេះ គឺជាជំនាញ កីឡាថ្មីមួយបន្ថែមទៀត សម្រាប់លោកគ្រូ អ្នកគ្រូ យកទៅ បង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនី ផ្នែកកីឡា ស្ប៉េស្យាល់អូឡាំពិក ដើម្បីលើកកម្ពស់ សុខុមាលភាព ជនពិការ តាមរយៈការលេងកីឡា និងការយល់ដឹងពី បញ្ហាសុខភាពផ្សេងៗ ជាពិសេសគឺផ្តោតសំខាន់ទៅរក កីឡាឧបនិស្ស័យ សម្រាប់ក្មួយៗដែលគាត់ចូលចិត្ត លេងកីឡា ប្រភេទវិញ្ញាសាមួយនេះ និងបានផ្តល់ឱកាស ដល់ពួកគាត់ទទួល បាននូវភាពសប្បាយរីករាយ ទទួលបាននូវសុខភាព មិត្តភាព និងសាមគ្គីភាព និង បាន ចូលរួមក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាថ្នាក់ខេត្ត ថ្នាក់ជាតិ នឹងការប្រកួតផ្សេងៗទៀត ដែលរៀបចំដោយគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា។

សូមបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា សហការជាមួយអនុគណៈកម្មាធិការ ស្ប៉េស្យាល់អូឡាំពិកខេត្តកណ្តាល បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹក កីឡាវាយកូនឃ្លីលើតុ ដល់សិក្ខាកាមចំនួន ២៤នាក់ ស្រី៣នាក់ ដែលប្រព្រឹត្តទៅចំនួន១ថ្ងៃ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ៕

Most Popular

To Top