ភ្នំពេញ ៖ ណាហ្គាវើលដ៍ សហការជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ បង្កើតគំនិតផ្តួចផ្តើម រៀបចំពិព័រណ៍ “សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ” ឬហៅថា “ពិព័រណ៍ស្រមោលស្បែកធំ” ដើម្បីចូលរួមអបអរ ដល់កេរដំណែល ១០០០ ឆ្នាំ នៃស្បែកធំ និងសាទរដល់ខួបលើកទី២០ នៃការចុះបញ្ជីល្ខោន ស្រមោលស្បែកធំ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ។

ពិធីសម្ពោធពិព័រណ៍ នៅណាហ្គាវើលដ៍ទី១នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក ហាប់ ទូច រដ្ឋលេខាធិការ ប្រចាំការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយលោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យ នាយកប្រតិបត្តិក្រុមហ៊ុន ណាហ្គាវើលដ៍ និង លោកស្រី Gabrielle Thiboutot មន្ត្រីទទួលបន្ទុក នៃការិយាល័យ អង្គការយូណេស្កូ ភ្នំពេញ ។

លោក ហាប់ ទូច បានមានប្រសាសន៍ថា “តាងនាមឱ្យលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខ្ញុំសូមអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះណាហ្គាវើលដ៍ដែលបានគាំទ្រ ជាបន្តបន្ទាប់ និងប្តេជ្ញាលើកកម្ពស់កេរ ដំណែលវប្បធម៌ ដ៏មានតម្លៃរបស់ខ្មែរ ។ តាមរយៈគំនិត ផ្តួចផ្តើម បែបនេះ រាប់ចាប់ពីសិក្ខាសាលាឆ្លាក់រូប ស្បែករហូតដល់ការសម្តែងសិល្បៈ និងការបង្ហាញ ពីវប្បធម៌របស់ខ្មែរ យើងធានាថា ប្រពៃណី ដ៏មានតម្លៃទាំងនេះ នឹងផ្តល់ជាប្រយោជន៍ ដល់ក្មេងៗ ជំនាន់ក្រោយបានឈ្វេងយល់” ។

សម្រាប់ណាហ្គាវើលដ៍ គំនិតផ្តួចផ្តើមលើកដំបូងនេះ ចាប់តាំងពីការចុះបញ្ជីស្បែកធំ តំណាងឱ្យអំណាចនៃការសហការ និងធ្វើឱ្យវប្បធម៌រស់ឡើងវិញ ។ លោក Pern Chen បានបញ្ជាក់ថា “យើងជឿជាក់ថា សិល្បៈ និងវប្បធម៌ គឺជាគ្រឹះនៃសង្គម ។ សិល្បៈ និងវប្បធម៌ ផ្សារភ្ជាប់ពួកយើងទៅកាន់ប្រវត្តិសាស្ត្ររបស់យើង កំណត់អត្តសញ្ញាណជាតិ របស់យើង និងជំរុញភាពច្នៃប្រតិដ្ឋដែលបង្កើតជាតម្លៃវប្បធម៌ និងសេដ្ឋកិច្ច។ ក្នុងនាមជាក្រុមហ៊ុនដែលគាំទ្រដល់សិល្បៈក្នុងស្រុក ពួកយើងប្តេជ្ញាចិត្ត បណ្តុះបណ្តាលទេពកោសល្យ និង អភិរក្សកេរដំណែល វប្បធម៌របស់ខ្មែរ”។
ស្ទើរតែបាត់បង់អំឡុង សម័យខ្មែរក្រហម ស្បែកធំត្រូវបានចុះបញ្ជី ដោយអង្គការយូណេស្កូ ក្នុងឆ្នាំ២០០៥ ដោយសារតែតម្លៃ វប្បធម៌ ដ៏អស្ចារ្យរបស់វា ។ ទម្រង់សិល្បៈនេះ បានរស់រានដោយសារ មានការប្តេជ្ញាចិត្ត ថែរក្សារបស់គ្រូ ស្បែកធំ និងក្រុមការងាររួមទាំងសមាគមសិល្បៈសុវណ្ណភូមិដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដោយលោកគ្រូស្បែកធំ ម៉ាន់ កុសល ។ ថ្វីត្បិតជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ដំណើរការរបស់សមាគម និងឈានដល់ការបិទ មហោស្រពក៏ដោយ ប៉ុន្តែណាហ្គាវើលដ៍ បានជួយធ្វើឱ្យសិល្បៈនេះរស់ឡើងវិញ តាមរយៈការផ្តល់ការសម្តែង សិក្ខាសាលា និងសកម្មភាពជាច្រើនទៀត ។

ចំណែកលោកស្រី Gabrielle Thiboutot បាននិយាយថា “ខ្ញុំសូមអរគុណដល់កិច្ចខិតខំប្រឹងប្រែង របស់ណាហ្គាវើលដ៍ ដែលបានសហការយ៉ាង ជិត ស្និទ្ធ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងការិយាល័យអង្គការយូណេស្កូ ប្រចាំរាជធានីភ្នំពេញ ដោយបានបង្កើតមាតិកា និងផ្ទាំងព័ត៌មាន សម្រាប់ការតាំងពិព័រណ៍ដ៏អស្ចារ្យនេះ” ។
លោកស្រីបានបញ្ជាក់ម្តងទៀត អំពីការប្តេជ្ញាចិត្តរបស់អង្គការយូណេស្កូ ក្នុងការបន្តគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ វិស័យអប់រំ វិទ្យាសាស្ត្រ និង អភិរក្សបេតិកភណ្ឌវប្បធម៌រូបី និងអរូបីដ៏មានតម្លៃ របស់ខ្មែរ ដោយសហការ យ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងដៃគូពាក់ព័ន្ធទាំងអស់ ។
ដំណើរការរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកានៅជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ពិព័រណ៍ “ស្រមោលស្បែកធំ” ស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនា ដោយសេរី និងឈ្វេងយល់ពីល្ខោនស្រមោលដ៏ មានតម្លៃរបស់ខ្មែរតាមរយៈការតាំងពិព័រណ៍ ការសម្តែងសិល្បៈផ្ទាល់ បទពិសោធន៍ ឌីជីថល និងការផ្តល់ ជូនជាច្រើនទៀត។ កម្មវិធីនេះនឹងបញ្ចប់នៅថ្ងៃទី២៨ ខែវិច្ឆិកាដោយមាន ការផ្តល់ជូនការសម្តែង ល្ខោនស្រមោលស្បែកធំ ពិសេសនៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ ដែលចូលរួមសម្តែង សមាគមសិល្បៈសុវណ្ណភូមិ និងនាយកដ្ឋានសិល្បៈទស្សនីយភាព អមជាមួយការប្រគំភ្លេងពិណពាទ្យដោយផ្ទាល់ ។

ពេញមួយខែវិច្ឆិកានេះ ណាហ្គាវើលដ៍ នឹងមានផ្តល់ជូនសិក្ខាសាលា ឆ្លាក់រូបស្បែកដោយផ្ទាល់ ដែលសាធារណជន អាចរៀនពីរបៀបឆ្លាក់រូបស្បែក និងអាចយករូបស្បែក នោះទៅគេហដ្ឋានផងដែរ។ ពិព័រណ៍នេះក៏មានផ្តល់ ជូនការជួលសម្លៀកបំពាក់ ប្រពៃណីខ្មែរ និងការលក់ផលិតផលសិប្បកម្ម អាវយឺត និងវត្ថុអនុស្សាវរីយជាច្រើនទៀត។ ប្រាក់ដែលបានពីសិក្ខាសាលា និង បទពិសោធន៍ទាំងនេះ នឹងត្រូវផ្តល់ ជូនដល់សមាគម សិល្បៈសុវណ្ណភូមិ ដើម្បីឱ្យពួកគេអាចជួយរក្សាទម្រង់ សិល្បៈនេះបានយូរអង្វែង ។
ផ្សារភ្ជាប់បេតិកភណ្ឌវប្បធម៌ ជាមួយនវានុវត្តន៍ កម្មវិធីនេះក៏មានផ្តល់ ជូនបទពិសោធន៍ នៃការថតរូបក្នុងទូរសព្ទ ឆ្លាតវៃជាមួយស្បែកធំផងដែរ ។ សាធារណជន នឹងទទួលបានបទ ពិសោធន៍បែបឌីជីថល ជាមួយទម្រង់សិល្បៈ នេះលើសពីវិចិត្រសាល ។
សូមអញ្ជើញពុកម៉ែបងប្អូន និង សាធារណជនទាំងអស់ចូលរួម និងឈ្វេងយល់ពីពិព័រណ៍ ស្រមោលស្បែកធំ របស់ខ្មែរនៅក្នុងខែវិច្ឆិកានេះឱ្យបានគ្រប់ៗគ្នា ។ ចូលរួមដោយសេរី។
កម្មវិធីសង្ខេប មានដូចខាងក្រោម ៖

- ពិព័រណ៍ ៖ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង ១០ ព្រឹកដល់ ៧ យប់ ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១
- សិក្ខាសាលាឆ្លាក់រូបស្បែកដោយផ្ទាល់ ៖ ផ្តល់ជូនរៀងរាល់សប្តាហ៍
- ការសម្តែងល្ខោនស្រមោលស្បែកធំពិសេស ៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង ៥ ល្ងាច សាលមហោស្រព NABA ណាហ្គាវើលដ៍ទី២
(សំបុត្រឥតគិតថ្លៃសម្រាប់ការចូលទស្សនាការសម្តែង នឹងមានផ្តល់ជូនចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា នៅបញ្ជរណាហ្គាវើលដ៍រីវ៉ត កន្លែងទទួលភ្ញៀវណាហ្គាវើលដ៍ទី២៕

