កីឡា

លោកបណ្ឌិត អ៊ុក ឌីវ៉ង់ ៖ ការអប់រំកាយ ជាមុខវិជ្ជមួយដ៏មានសារសំខាន់ ក្នុងការជួយបង្កើនសមត្ថភាព ប្រព័ន្ធដង្ហើម និងសរសៃឈាម បង្កើនកម្លាំងខួរក្បាល និងការប្រកួតប្រជែង ដោយមានភាពស្មោះត្រង់

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយរង នៃអគ្គនាយកដ្ឋានកីឡា លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត លោកស្រី ហ៊ូ សិទ្ធិសោភាល័យ អគ្គនាយករង នៃអគ្គនាយកដ្ឋានឧត្តមសិក្សា លោក ហង់ គឹមឈាន់ នាយករងវិទ្យាស្ថានជាតិអប់រំពិសេស នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបិទ សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា នៅវិទ្យាស្ថានអប់រំពិសេស ដែលរៀបចំ ដោយនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិតនៃក្រសួងអប់រំ យុវជន និងកីឡា ។

លោក ម៉ង វិបុល អនុប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត -បានប្រាប់ឲ្យដឹងថា វគ្គសិក្ខាសាលានេះមានរយៈពេល ៥ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ សិក្ខាកាមមកពីវិទ្យាល័យអប់រំពិសេស ខណ្ឌច្បាអំពៅ លោកគ្រូបង្រៀនមុខវិជ្ជាអប់រំកាយ និង កីឡាចំនួន១នាក់ វិទ្យាល័យ អប់រំពិសេសភ្នំពេញថ្មី ខណ្ឌសែនសុខ លោកគ្រូបង្រៀនមុខវិជ្ជាអប់រំ កាយ និងកីឡាចំនួន១នាក់ និងវិទ្យាស្ថានជាតិ អប់រំពិសេស មានគ្រូឧទ្ទេសចូលរួមសិក្ខាសាលាចំនួន២នាក់ ព្រមទាំងគរុនិស្សិតចំនួន១៧នាក់ សរុបចំនួន១៩នាក់ (ស្រី ៨នាក់)។ វគ្គសិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់គុណភាពនៃការបង្រៀនមុខវិជ្ជាអប់រំកាយ នៅវិទ្យាស្ថានជាតិអប់រំពិសេស វិទ្យាល័យអប់រំពិសេស ក្នុងរាជធានីភ្នំពេញ និងវិទ្យាល័យអប់រំពិសេស ដែលគរុនិស្សិតនឹងចេញទៅបង្រៀនក្រោយបញ្ចប់ការសិក្សា។

លោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយរង បានមានប្រសាសន៍ថា ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងវិទ្យាស្ថានជាតិអប់រំពិសេសដែលបានសហការរៀបចំសិក្ខាសាលា នេះ តាំងពីថ្ងៃចាប់ផ្តើម រហូតដល់ថ្ងៃបញ្ចប់ ដោយទទួលបានលទ្ធផលល្អប្រសើរ និង សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូន ចំពោះលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡាតែងតែផ្តោតការយកចិត ទុកដាក់លើការងារអប់រំកាយ និងកីឡា ជាពិសេសការផ្តល់ ឱកាសដល់កុមារ និងសិស្សានុសិស្សបានចូលរួមអនុវត្តសកម្មភាពអប់រំកាយក្នុងម៉ោងសិក្សា និងកីឡាក្រៅម៉ោងសិក្សា ដើម្បីរួមចំណែកលើកកម្ពស់ សុខុមាលភាពរបស់កុមារនិងសិស្សានុសិស្សឱ្យមានសុខភាពល្អ កម្លាំងមាំ មួន បញ្ញាភ្លឺថ្លា ទទួលបាននូវលទ្ធផលការសិក្សាខ្ពស់។

លោក អគ្គនាយរង បានបន្ត ដោយយល់ឃើញថា ការអប់រំកាយជាមុខវិជ្ជមួយដ៏មានសារសំខាន់ក្នុងការជួយបង្កើនសមត្ថភាព ប្រព័ន្ធដង្ហើមនិងសរសៃឈាម បង្កើនកម្លាំងខួរក្បាល និងការប្រកួតប្រជែង ដោយមានភាពស្មោះត្រង់ បន្ថយហានិភ័យនៃជំងឺដែលទាក់ទងនិងការគ្មានចលនាកាយ បណ្ដុះវិន័យ ការតស៊ូ និងការទទួលខុសត្រូវ បណ្តុះការជួយបង្កើនទំនាក់ទំនងសង្គម គោរពច្បាប់ និងការសហការជាក្រុម ការបន្ថយ សម្ពាធអារម្មណ៍ និងជំងឺធ្លាក់ទឹកចិត្ត បង្កើនការទុកចិត្តលើខ្លួនឯង និងភាពរីករាយក្នុងជីវិត ជួយឲ្យមានការ ត្រៀមខ្លួនល្អសម្រាប់ការចូលរួមក្នុងសង្គម ជួយឲ្យខួរក្បាលធ្វើការប្រសើរឡើង និងជួយឲ្យការសិក្សាផ្នែកវិជ្ជាផ្សេ ងៗមានប្រសិទ្ធភាព បណ្ដុះទម្លាប់រស់នៅសកម្ម និងបរិយាបថល្អ រៀនវិធីដោះស្រាយបញ្ហា និងការប្រឈមជីវិតជួយឲ្យ មនុស្សមានជីវភាពសុខដុមរម្យនា និងមានសន្តិភាពផ្ទាល់ខ្លួន។

លោកប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត បានបង្ហាញឲ្យឃើញនូវលទ្ធផលសម្រេចបានគួរឲ្យកត់សម្គាល់ គឺ សិក្ខាកាមបានផ្តោតការយក ចិត្តទុកដាក់គោរពពេលវេលាបានល្អ ប្រសើរក្នុងការទទួលយក នូវចំណេះដឹងថ្មីៗទៅអនុវត្ត និងផ្សព្វផ្សាយបន្តដល់សាលា ដែលឋិតនៅក្រោមការគ្រប់គ្រង របស់ខ្លួន។ ក្រោយពីបានចំណាយពេលរៀនសូត្រ ពិភាក្សា បង្កើតគំនិត និងចែករំលែក បទពិសោធន៍រួមគ្នា ពេល វេលានេះបានបញ្ចប់ការ អនុវត្តសិក្ខាសាលាដ៏សំខាន់មួយទៀត ។ សូមអនុញ្ញាតឱ្យខ្ញុំបង្ហាញនូវសេចក្តីសោមនស្ស និងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមដ៏សកម្មរបស់លោកអ្នកទាំងអស់គ្នា។

សិក្ខាសាលានេះ បានបង្ហាញយ៉ាងច្បាស់ថា អប់រំបរិយាប័ន្ន និងការរួមបញ្ចូលជនមានពិការភាព នៅក្នុង វិស័យអប់រំកាយ និងកីឡា គឺមិនមែនជាការងារធម្មតា ឬបេសកកម្មរបស់សាលារៀនតែមួយទេ តែវាជាការប្ដេជ្ញា រួមរបស់ក្រសួង ព្រមទាំងគ្រូបង្រៀន ក្រុមគាំទ្រសហគមន៍ និងសង្គមទាំងមូល ដើម្បីធានាថាកុមារគ្រប់រូប ក្លាយជាមនុស្សពេញលេញ ទោះបីពួកគេមានលក្ខណៈបែបណាក៏ដោយ។ សិក្ខាសាលា យើងទទួលបានការយល់ដឹងថ្មីអំពីរបៀបបង្កើតបរិយាប័ន្នល្អក្នុងថ្នាក់អប់រំកាយរួមមានទស្សនៈអំពីការរួមបញ្ចូលជនមានពិការភាពក្នុងសកម្មភាពអប់រំកាយ និងកីឡា គន្លឹះគ្រប់គ្រងថ្នាក់អប់រំកាយ ដែលធានាសុវត្ថិភាព និងការបង្កើតស្នាមញញឹមដល់សិស្សគ្រប់គ្នា គំនិតច្នៃប្រឌិតសម្រាប់អនុវត្តល្បែង តាមកម្មវិធីសិក្សា និងឧបករណ៏សម្រាប់សិស្សគ្រប់កម្រិត សមត្ថភាព និងការបង្កើនទំនុកចិត្តក្នុងការធ្វើការជាក្រុម ដើម្បីបន្តបម្រើវិស័យអប់រំកាយ៕

Most Popular

To Top