វៀតណាម ៖ អាជ្ញាធរវៀតណាម បាននិយាយថា អ្នកប្រើប្រាស់រាប់លាននាក់ អាចនឹងត្រូវបានប៉ះពាល់នឹងអាហារបំប៉នក្លែងក្លាយ បន្ទាប់ពីប៉ូលីសបានរកឃើញ ប្រតិបត្តិការផលិតកម្មដ៏ធំមួយ នៅសួនឧស្សាហកម្មហាណូយ ដែលបានសង្ងំខ្លួនផលិតអស់រយៈពេលមួយទសវត្សរ៍មកហើយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
អ្នកស៊ើបអង្កេតបានចោទប្រកាន់ថា រោងចក្រមួយ ដែលដំណើរការដោយក្រុមហ៊ុន Medistar Vietnam បានផលិត និងលក់អាហារបំប៉នក្លែងក្លាយ រាប់រយតោនទូទាំងប្រទេសក្នុងរយៈពេលជាងមួយទសវត្សរ៍ ដោយបង្កើតប្រាក់ចំណូលជិត ១,៨ ពាន់ពាន់លានដុង (៦៨,៥ លានដុល្លារអាមេរិក)។
កាលថ្ងៃទី ១៨ ខែមករា ប៉ូលីសខេត្ត Lao Cai បានចោទប្រកាន់លោក Doan Trung Duc អាយុ ៤៦ ឆ្នាំ អគ្គនាយកក្រុមហ៊ុន Medistar Vietnam រួមជាមួយបក្ខពួកចំនួន ៥ នាក់ ពីបទផលិត និង ជួញដូរផលិតផលអាហារក្លែងក្លាយ និងសារធាតុបន្ថែមអាហារ ក៏ដូចជាការរំលោភលើបទប្បញ្ញត្តិគណនេយ្យ ដែលបង្កផលវិបាកធ្ងន់ធ្ងរ។
ប៉ូលីសបានពិពណ៌នាអំពីក្រុមនេះថា កំពុងដំណើរការក្នុងទ្រង់ទ្រាយធំមួយនៅទូទាំងប្រទេសវៀតណាម។ ប្រតិបត្តិការនេះត្រូវបានត្រួតពិនិត្យនៅថ្ងៃទី ៥ ខែមករា ដោយប៉ូលីស Lao Cai សហការជាមួយនាយកដ្ឋានប៉ូលីសស៊ើបអង្កេតអំពើពុករលួយ ឧក្រិដ្ឋកម្មសេដ្ឋកិច្ច និងការរត់ពន្ធរបស់ក្រសួងសន្តិសុខសាធារណៈ និងប៉ូលីសហាណូយ។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា នៅរោងចក្រ Medistar មួយកន្លែងក្នុងសួនឧស្សាហកម្ម Quang Minh ទីក្រុងហាណូយ ពួកគេបានរកឃើញផលិតផលអាហារបំប៉នក្លែងក្លាយ និងអន់គុណភាពរាប់ពាន់មុខ កំពុងត្រូវបានផលិត និងវេចខ្ចប់សម្រាប់ចែកចាយ។ ទំនិញក្លែងក្លាយទាំងនោះ ត្រូវបានគេរាយការណ៍ថា រួមមានអាហារបំប៉នកូឡាជែន វីតាមីន ផលិតផលសុខភាពសន្លាក់ និងជំនួយរំលាយអាហារ៕
