ព័ត៌មានជាតិ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍

ភ្នំពេញ ៖ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមប្រធានបទ “គន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ន និងភាពធន់” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

លោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គោលបំណងសំខាន់ នៃសន្និបាតអប់រំក្នុងឆ្នាំនេះ ដើម្បីបូកសរុបលទ្ធផល កំណែទម្រង់វិស័យអប់រំ រាប់ចាប់តាំងពីឆ្នាំ២០១៣ លើគ្រប់ការដ្ឋានកំណែទម្រង់ទាំងអស់ ព្រមទាំងពិនិត្យមើលលើ សមិទ្ធផលទាំងបរិមាណ វិស័យនិងគុណវិស័យ ដើម្បីដាក់ចេញ នូវវិធានការគាំទ្រដល់ទស្សនៈ “ការអប់រំត្រូវតែមានភាពធន់ ការអប់រំត្រូវតែបន្ត តាមរយៈនវានុវត្តន៍ ស្របតាមបរិបទជាក់ស្តែង” និងបានរំលេចពីសមិទ្ធផលការងារសំខាន់ៗដែលក្រសួងអប់រំ យុវជន និងកីឡាសម្រេចបានក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមក ។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានកោតសរសើរ និងថ្លែងអំណរគុណដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ចំពោះការខិតខំប្រឹងប្រែងចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនិងការបន្តអនុវត្តកំណែទម្រង់វិស័យអប់រំនៅកម្ពុជាឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
“គន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍមូល ធនមនុស្សប្រកបដោយបរិយាបន្ន និងភាពធន់” គឺជាប្រធានបទនៃសន្និបាតអប់រំឆ្នាំនេះ មានគោលបំណងឆ្លុះបញ្ចាំង ពីការបន្តធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ ឱ្យឆ្លើយតបនឹងក្របខណ្ឌគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនាពេលកន្លងមក ដោយក្រសួងបានសម្រិតសម្រាំងខ្លឹមសារ និងជ្រើសរើសយកប្រធានបទសំខាន់ៗចំនួន ៥ រួមមាន៖ ១. ការអភិវឌ្ឍមូលធនមនុស្សប្រកប ដោយបរិយាបន្ននិងភាពធន់ ២. ការអភិវឌ្ឍឧត្តមសិក្សាដើម្បីពិពិធកម្មនិងកំណើនសេដ្ឋកិច្ច ៣. ការអភិវឌ្ឍយុវជនដើម្បីជាតិនិងប្រជាជន ៤. ការអភិវឌ្ឍការអប់រំកាយនិងកីឡា ដើម្បីសុខុមាលភាពនិងកិត្យានុភាពជាតិ និង ៥. ផលប៉ះពាល់លើវិស័យអប់រំបណ្តាល មកពីការឈ្លានពានរបស់កងទ័ពថៃ និងវិធានការឆ្លើយតបនានារបស់វិស័យអប់រំ។

លោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ដោយជឿជាក់ថា សន្និបាតរយៈពេល៣ថ្ងៃនេះ នឹងប្រែក្លាយផែនការអាទិភាពទៅជាសកម្មភាពជាក់ស្ដែង និងកំណត់សូចនាករជាក់លាក់ សមិទ្ធកម្មច្បាស់លាស់ ដើម្បីពិនិត្យតាមដានការអនុវត្តកំណែទម្រង់វិស័យអប់រំ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល និងសូមលើកទឹកចិត្តឲ្យបុគ្គលិកអប់រំទាំងអស់ យកចិត្តទុកដាក់ចូលរួមនូវរាល់កិច្ចពិភាក្សា ការផ្លាស់ប្ដូរបទពិសោធ ចែករម្លែកមតិយោបល់គ្នាវិញទៅមកឲ្យបានផុសផុលដើម្បីទាញយកនូវចំណេះដឹង ឧត្តមានុវត្តន៍ និង ព័ត៌មានថ្មីៗក្នុងវិស័យអប់រំ ជាទុនក្នុងការបន្តលើកកម្ពស់ ប្រសិទ្ធភាពនិងប្រសិទ្ធផលការងារ ឈានទៅសម្រេច នូវសមិទ្ធផលរួមគ្នាជាច្រើនបន្ថែមទៀត ក្នុងបុព្វហេតុអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណភាព ដើម្បីចូលរួមចំណែកក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិប្រកប ដោយចីរភាពឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕

Most Popular

To Top