កីឡា

លោក វ៉ាត់ ចំរើន ៖ វគ្គបណ្ដុះបណ្ដាល នាពេលនេះជាដើមទុនបន្ត និងសម្រួច នូវបំណិនឌីជីថល ចំណេះដឹងកិច្ចការស្ថិតិ និងបច្ចេកទេស ក្នុងវិស័យកីឡា

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក ប៊ូ ជុំសេរី អនុ រដ្ឋលេខាធិការ ក្រសួងអប់រំ និងលោក ឈុន ចាន់ធូ អគ្គនាយករង តំណាងលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានអញ្ជើញចូលរួម ពិធីបើកបើកវគ្គបណ្ដុះបណ្ដាល “ការប្រើប្រាស់ព័ត៌មានវិទ្យា ដើម្បីពង្រឹងសមត្ថភាពស្រង់ទិន្នន័យ និងស្ថិតិកីឡា” ព្រមទាំងសិក្ខាកាមពីមកសហព័ន្ធកីឡាជាតិ លោកគ្រូ និងអ្នកគ្រូ រៀបចំដោយនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា ។

កញ្ញា គីម សំណាង អនុនាយកដ្ឋាន រៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា បានប្រាប់ឲ្យដឹងថា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា រៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការប្រើប្រាស់ព័ត៌មានវិទ្យា ដើម្បីពង្រឹងសមត្ថភាពស្រង់ទិន្នន័យ និងស្ថិតិកីឡា” មានរយៈពេល ៤ថ្ងៃ គឺ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ដោយមានសិក្ខាកាម ចូលរួមសរុបមានចំនួន ៨០នាក់ (ស្រី៩នាក់) ។ វត្ថុបំណង នៃវគ្គបណ្ដុះបណ្ដាលនេះគឺ ធ្វើឡើងដើម្បី ស្វែងយល់ពីមូលដ្ឋាន គ្រិះនៃការស្រង់ទិន្នន័យ និងស្ថិតិកីឡា ។ ការកំណត់ប្រភេទទិន្នន័យ សម្រិតសម្រាំងទិន្នន័យ ចងក្រងទិន្នន័យ និងការសរសេរកម្រងសំណួរ សម្រាប់ការ ចុះស្រង់ទិន្នន័យ ហើយនឹង សិក្សាមូលដ្ឋានគ្រឹះ អំពីការបង្កើតឧបករណ៍ ស្រង់ទិន្នន័យ ។ ស្វែងយល់ពីបរិបទក្នុងការធ្វើការងារដោយប្រើបច្ចេកវិទ្យាទំនើប ដូចជាការប្រើប្រាស់ កម្មវិធីទំនាក់ទំនង និងការគ្រប់គ្រងការងារ ព្រមទំាងការ ប្រើប្រាស់កម្មវិធី SPSS ក្នុងការវិភាគទិន្នន័យ និង ការសិក្សាពីការរចនារូបភាព កម្រិតដំបូង តាមវិធីសាស្រ្តងាយៗ ។

នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា មានតួនាទីក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងជំរុញបន្ថែមនូវបំណិនឌីជីថល បានជារៀបចំវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះឡើង ដើម្បីមន្រ្តីជំនាញតាមអង្គភាពចំណុះអគ្គនាយកដ្ឋានកីឡា ក៏ដូចអង្គភាពទីភ្នាក់ងារប្រឆាំងសារធាតុដូប៉ាកម្ពុជា និងសហព័ន្ធកីឡាជាតិ បានទទួលនូវឱកាសបន្ថែមក្នុងការពង្រឹង និងពង្រីកសមត្ថភាពលើជំនាញ បច្ចេកវិទ្យា ដើម្បីបម្រើដល់ការអនុវត្តន៍ការងារប្រចាំថ្ងៃ និងជាជំនាញក្នុងកិច្ចសហការ កសាងនូវទិន្នន័យកីឡាសម្រាប់អគ្គនាយកដ្ឋាន និងក្រសួងទាំងមូល ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនាពេលនេះ នឹងជាដើមទុនបន្តពីវគ្គបណ្ដុះបណ្ដាលកម្រិតមុនៗ ដែលសម្រួចនូវបំណិនឌីជីថល ចំណេះដឹងក្នុងកិច្ចការស្ថិតិ និងបច្ចេកទេស ។ ការសិក្សាជំនាញឌីជីថលពិតជាចាំបាច់ និងពិតជាជួយបង្កើនប្រសិទ្ធភាពការងារ ជាពិសេសចូលរួម ចំណែកអនុវត្តគោល នយោបាយរដ្ឋាភិបាលឌីជីថល គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលបានដាក់ចេញ ដោយប្រមុខរាជរដ្ឋាភិបាល ។ ទន្ទឹមនឹងនេះ នាយកដ្ឋាន នឹង រៀបចំយុទ្ធសាស្រ្ត ក្នុងការពង្រឹងសមត្ថភាព បច្ចេកវិទ្យាថ្មីៗ បន្ថែមទៀត ដល់ធនធានមនុស្សដែលជាមន្រ្តីជំនាញអនុវត្តការងារដោយផ្ទាល់ សំដៅជំរុញប្រសិទ្ធភាពការងារ និងត្រៀមលក្ខណៈឲ្យបានមួយកម្រិតទៀត សម្រាប់ការចូលរួមសហការការងារ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត កីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ និងយុវជនអាស៊ី ឆ្នាំ២០៣១ នាពេលខាងមុខ ។

លោក រដ្ឋលេខាធិការ ក្រសួងអប់រំ បានបញ្ជាក់ថា ជារួម ការធ្វើសមាហរណកម្ម នៃបច្ចេកវិទ្យាព័ត៌មាន នៅទូទាំង ឧស្សាហកម្មផ្សេងៗ គឺជាសក្ខីភាពមួយ ចំពោះសារៈសំខាន់របស់វាក្នុងការបង្កើនប្រសិទ្ធភាព ផលិតភាព និងការផ្តល់ សេវាកម្ម ។ នៅពេលដែលបច្ចេកវិទ្យា បន្តរីកចម្រើន វាត្រូវបានគេរំពឹងថាភាគរយ នៃបុគ្គល ដែលប្រើប្រាស់ប្រព័ន្ធ ព័ត៌មានវិទ្យា នឹងកើនឡើង ដែលធ្វើឱ្យការផ្លាស់ប្តូរទិដ្ឋភាពនៃឧស្សាហកម្មពិភពលោកបន្ថែមទៀត។ ការយល់ដឹង អំពីនិន្នាការទាំងនេះគឺ ចាំបាច់សម្រាប់អ្នកពាក់ព័ន្ធ ដែលមានគោលបំណងប្រើប្រាស់ បច្ចេកវិទ្យាសម្រាប់ការរីកចម្រើន និងការច្នៃប្រឌិត ។ ជាពិសេស សម្រាប់ការប្រមូល និងវិភាគទិន្នន័យ និងស្ថិតិកីឡា។ ដោយសារឧស្សាហកម្មកីឡា ពឹងផ្អែកកាន់តែខ្លាំងឡើងលើការសម្រេចចិត្តដែលជំរុញដោយទិន្នន័យ ការយល់ដឹងពីរបៀបប្រមូលផ្តុំ គ្រប់គ្រង និងបកស្រាយទិន្នន័យកីឡាប្រកបដោយប្រសិទ្ធភាព បានក្លាយជាកត្តាចាំបាច់សម្រាប់អត្តពលិក គ្រូបង្វឹក អ្នកវិភាគ និងអង្គការកីឡា៕

Most Popular

To Top