ហ្សាការតា៖ រញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័របានវាយប្រហារតំបន់ Maluku ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ដែលជំរុញឱ្យមានការព្រមានជាមុនអំពីរលកយក្សស៊ូណាមិ សម្រាប់តំបន់ឆ្នេរសមុទ្រជាច្រើនរបស់ប្រទេសនេះ។
ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG) របស់ប្រទេសនេះបានឧ្យដឹងថា រញ្ជួយដីនេះមានសក្តានុពលបង្កឱ្យមានរលកយក្សស៊ូណាមិនៅ North Maluku និង North Sulawesi ដោយបានចេញការព្រមានជាមុនជាមួយនឹងស្ថានភាព ប្រុងប្រយ័ត្ន។
រដ្ឋាភិបាលក្នុងតំបន់ត្រូវបានជំរុញឱ្យណែនាំប្រជាជនឱ្យជម្លៀសចេញ ខណៈដែលប្រជាជនដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រត្រូវបានណែនាំឱ្យនៅឱ្យឆ្ងាយពីឆ្នេរ និងច្រាំងទន្លេ ហើយអនុវត្តតាមការណែនាំជាផ្លូវការ។
មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួស ឬការខូចខាតធ្ងន់ធ្ងរនោះទេ ខណៈពេលដែលអាជ្ញាធរបន្តតាមដានស្ថានភាព និងវាយតម្លៃផលប៉ះពាល់ ដែលអាចកើតមាន៕
ប្រែសម្រួល ឈូក បូរ៉ា
