កីឡា

មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី

ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃអគ្គនាយកដ្ឋានបានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល បង្សុកូល ឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស ព្រមទាំងចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដោយមានការអញ្ជើញ លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ព្រមទាំងវត្តមានពីអនុប្រធាន និងមន្រ្តីរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាជាច្រើនរូបថែមទៀត។

មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជារៀងរាល់ឆ្នាំ ដោយមានការរាប់បាត្រ បូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រ័យ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ជ័យមង្គល និងត្រៀមទទួលស្វាគមន៍ ទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម រាក្យសាទេវី ដែលនឹងចុះអភិបាល ជួយបីបាច់ថែរក្សា ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល និងជនរួមជាតិទាំងអស់ សូមទទួលបានសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ។

ពិធីសូត្រមន្តចម្រើនព្រះបរិត្ត បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្ត ព្រះសង្ឃ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចទទួលអំណរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងមានការសម្តែងរបាំ ត្រុដិ ដើម្បីបណ្ដេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ ត្រៀមទទួលអំណរសាទរ និងសេចក្តីសុខ សេចក្តីចម្រើនសិរីឆ្នាំថ្មីផងដែរ។

ក្នុងឱកាសខិតជិតមកដល់ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥នេះ លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា សូមជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃអគ្គនាយកដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបឲ្យទទួលបាននូវសុខភាពល្អ សេចក្ដីសុខចម្រើនរុងរឿង មានសុភមង្គលគ្រប់ក្រុមគ្រួសារ ព្រមទាំងទទួលបានជោគជ័យរាល់ភារកិច្ចការងារនានាក្នុងឆ្នាំថ្មី និងជានិច្ចនិរន្តរ៍តរៀងទៅ៕

Most Popular

To Top