វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា អ៊ីរ៉ង់អាចត្រូវបានកំទេច ក្នុងរយៈពេលមួយយប់ ហើយយប់នោះ អាចជាយប់ថ្ងៃអង្គារ ដែលជាថ្ងៃផុតកំណត់ដែលលោក ត្រាំ កំណត់សម្រាប់អ៊ីរ៉ង់ដើម្បីធ្វើកិច្ចព្រមព្រៀង និងបើកច្រកសមុទ្រហ័រមូស ឡើងវិញ ខណៈពេលដែលអះអាងថា ការចរចាជាមួយភាគីអ៊ីរ៉ង់ តាមរយៈអន្តរការីលើកិច្ច ព្រមព្រៀងនេះកំពុងដំណើរការទៅដោយរលូន។
រយៈពេលដ៏សំខាន់ លោក ត្រាំ បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅឯសេតវិមានថា ប្រទេសអ៊ីរ៉ង់ទាំងមូលអាចត្រូវ បានកំទេចក្នុងរយៈពេលមួយយប់ ហើយយប់នោះអាចជាយប់ថ្ងៃអង្គារនេះតែម្ដង។
នៅពេលសួរអំពីថាតើលោកកំពុងបញ្ចប់ ឬបង្កើនសង្គ្រាមជាមួយអ៊ីរ៉ង់ លោក ត្រាំ បានឧ្យដឹងថា «ខ្ញុំមិនអាចប្រាប់អ្នកបានទេ វាអាស្រ័យលើអ្វីដែលពួកគេធ្វើ។ លោក ត្រាំ បាននិយាយអំពីថ្ងៃផុតកំណត់នៅថ្ងៃអង្គារនេះរបស់លោកថា នេះជារយៈពេលដ៏សំខាន់មួយ ពួកគេមានរយៈពេលត្រឹមវេលាម៉ោង ៨ យប់នេះប៉ុណ្ណោះ»។
លោក ត្រាំ ក៏បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានផងដែរថា រដ្ឋបាលរបស់លោកមានផែនការវាយប្រហារ និងបំផ្លាញស្ពាន និងរោងចក្រថាមពលនៅទូទាំងប្រទេសអ៊ីរ៉ង់ នៅត្រឹមម៉ោង ១២ អធ្រាត្រថ្ងៃអង្គារ។
លោកបានលេីកឡេីងថា «យើងមានផែនការមួយ ដោយសារតែអំណាចយោធារបស់យើង ដែលស្ពានទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់ នឹងត្រូវបំផ្លាញចោលនៅម៉ោង ១២ យប់ថ្ងៃអង្គារនេះ ដែលរោងចក្រថាមពលទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់ នឹងត្រូវបិទទ្វារ ផ្ទុះឆេះជាដេីម ហើយមិនដែលត្រូវបានប្រើប្រាស់ម្តងទៀតឡើយ»។
លោក ត្រាំ បានអះអាងថា អ៊ីរ៉ង់នឹងចំណាយពេល ១០០ ឆ្នាំដើម្បីសាងសង់ឡើងវិញ»។
«ខ្ញុំចង់មានន័យថា ការរុះរើទាំងស្រុងនៅម៉ោង ១២យប់នេះ ហើយវានឹងកើតឡើងក្នុងរយៈពេល ៤ម៉ោង ប្រសិនបើយើងចង់ធ្វេីវា ប៉ុន្ដែយើងមិនចង់ឱ្យរឿងនោះកើតឡើងទេ»។
លោកប្រធានាធិបតី បានឧ្យដឹងកាលពីថ្ងៃចន្ទថា ថ្ងៃផុតកំណត់ម៉ោង ៨ យប់ថ្ងៃអង្គារ ដែលលោកបានកំណត់ សម្រាប់ប្រទេសអ៊ីរ៉ង់គឺជាថ្ងៃចុងក្រោយ។
ទោះជាយ៉ាងណាក៏ដោយ លោកធ្លាប់បានផ្លាស់ប្តូរ ថ្ងៃផុតកំណត់ ដែលលោកបានប្រកាសម្តងហើយម្តងទៀត សម្រាប់កិច្ចព្រមព្រៀងឈប់បាញ់ ឬសម្រាប់ការបើកច្រកសមុទ្រហ័រមូសឡើងវិញ៕
ប្រែសម្រួល ឈូក បូរ៉ា
