កីឡា

ក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញ គ្រងតំណែងជើងឯកនៃការប្រកួតកីឡាបាល់ទាត់មិត្តភាពវ័យចាស់កម្ពុជា អបអរសាទរពិធីបុណ្យចូលឆ្នាំប្រណៃពីជាតិ២០២៦

ភ្នំពេញ៖ ក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញគ្រងតំណែងជើងឯកនៃការប្រកួតកីឡាបាល់ទាត់មិត្តភាពវ័យចាស់កម្ពុជា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រណៃពីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ និងចង់ឲ្យអតីតកីឡាករជម្រើសជាតិ កីឡាករបាល់ទាត់ចូលនិវត្តន៍ និងកីឡាករវ័យចាស់បានចូលរួមលេងកីឡាបាល់ទាត់ទាំងអស់គ្នា និងដើម្បីផ្សព្វផ្សាយ និងជំរុញឲ្យយុវជននាំគ្នាលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព បន្ទាប់ពីយកឈ្នះលើជួបជាមួយក្រុមបាល់ទាត់វ័យចាស់ នគរបាលជាតិ ១ទល់នឹង០ នៅវគ្គផ្តាច់ព្រ័ត្រ។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ កីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញបានលើពានរង្វាន់ ក្រោយយកឈ្នះក្រុមបាល់ទាត់វ័យចាស់នគរបាលជាតិ ក្នុងលទ្ធផលបច្ចេកទេស ១ទល់នឹង០ ធ្វើឲ្យក្រុមបាល់ទាត់វ័យចាស់នគរបាលជាតិទទួលបានជើងឯករង ចំណែក ក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀងទទួលបានចំណាត់ថ្នាក់លេខ ៣ ក្រោយឈ្នះក្រុមបាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផលបច្ចេកទេស ៣ទល់នឹង២ ។

ការប្រកួតកីឡាបាល់ទាត់មិត្តភាពវ័យចាស់កម្ពុជាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រណៃពីជាតិនៅភោជនីយដ្ឋាន សង្រ្កាននឹងប្រព្រឹត្តទៅមានរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី៧ និងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ក្រោមគំនិតផ្តួចផ្តើមពីសំណាក់ថ្នាក់ដឹកនាំទំាង ៤ ក្រុម រួមមានក្រុមបាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទ ក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង ក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញ និងក្រុមបាល់ទាត់វ័យចាស់ នគរបាលជាតិ។

ដោយឡែកសម្រាប់ពិធីបិទ និងប្រគល់ពានរង្វាន់នាពេលនេះ លោក រិទ្ធ ឌីកា ប្រធានបច្ចេកទេសក្លិបបាល់ទាត់ព្រះខ័នរាជ ស្វាយរៀង និងជាប្រធានក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀងបានឧបត្ថម្ភថវិកាដល់អតីតកីឡាករបាល់ទាត់ជម្រើសវ័យចាស់ក្នុងឱកាសដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រណៃពីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ៕

ដោយ៖លី ភីលីព

Most Popular

To Top