ភ្នំពេញ៖លោក រិទ្ធ ឌីកា ប្រធានបច្ចេកទេស ក្លិបបាល់ទាត់ព្រះខ័នរាជ ស្វាយរៀង និងជាប្រធានក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមបាល់ទាត់វ័យចាស់ទាំង ៤ក្រុមដែលបានចូលរួម ការប្រកួតកីឡាបាល់ទាត់មិត្តភាពវ័យចាស់កម្ពុជានេះឡើង ក្នុងគោលបំណងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រណៃពីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ និងចង់ឲ្យអតីត កីឡាករជម្រើសជាតិ កីឡាករបាល់ទាត់ចូលនិវត្តន៍ និងកីឡាករវ័យចាស់ បានចូលរួមលេងកីឡាបាល់ទាត់ទាំងអស់គ្នា និងដើម្បីផ្សព្វផ្សាយ និងជំរុញឲ្យយុវជននាំគ្នាលេងកីឡាដើម្បីសុខភាព មិត្តភាព ព្រមទំាងសាមគ្គីភាព ។

លោក រិទ្ធ ឌីកា បានបញ្ជាក់ថា ការចូលរួមរបស់លោកអ្នកទាំងអស់គ្នាបានធ្វើឲ្យកម្មវិធីនេះកាន់តែមានភាពរស់រវើក សប្បាយរីករាយ និងពោរពេញដោយអត្ថន័យ ។ យើងខ្ញុំសូមសរសើរចំពោះការខិតខំប្រឹងប្រែង សាមគ្គីភាព និងទឹកចិត្តរួមចំណែក ដ៏មានតម្លៃរបស់ក្រុមនីមួយៗ ។ ទោះជាលទ្ធផលយ៉ាងណាក៏ដោយ ការចូលរួមរបស់អ្នកគឺ ជាជ័យជម្នះដ៏មានន័យសម្រាប់កម្មវិធីទាំងមូល ដែលប្រព្រឹត្តទៅមានរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី៧ និងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ក្រោមគំនិតផ្តួចផ្តើមពីសំណាក់ថ្នាក់ដឹកនាំទំាង ៤ ក្រុម។

លោកប្រធានបច្ចេកទេសក្លិបបាល់ទាត់ព្រះខ័នរាជ ស្វាយរៀង និងជាប្រធានក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង បានប្រាប់ឲ្យដឹងថា ជាពិសេស លោក ខូវ ឆាយ នាយក នៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងប្រធានក្រុមបាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទ ដែលសម្របសម្រួលការប្រកួត ក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ដោយជោគជ័យ។

បញ្ជាក់៖ ការប្រកួតខាងលើនេះមាន ៤ ក្រុមចូលរួម ក្រុមបាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទ ក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង ក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញ និងក្រុមបាល់ទាត់វ័យចាស់ប៉ូលីស៕


