ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serie by K-Cement វគ្គជម្រុះជុំទី២នាយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកប្រដាល់ ណាម ម៉ូរ៉ាក់ ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង និងអ្នកប្រដាល់ វ៉ែន ហុងជីវ៉ុងក្លិបកងកេងកីឡាខេត្តបាត់ដំបង ដណ្តើមបានកៅអីសម្រាប់វគ្គជម្រុះជុំទី៣ដូចគ្នា ។
ណាម ម៉ូរ៉ាក់ត្រូវជួបជាមួយវេន សុភ័ាក្រ្តក្លិបទ័ពឆ័ត្រយោង ៩១១ តែវេន សុភ័ក្រ្តមានបញ្ហាសុខភាពដោយសារគេត្រូវវះពោះវៀនដុះខ្នែងនោះណាម ម៉ូរ៉ាក់ក៏បានទទួលជ័យជម្នះ ដោយស្វ័យប្រវត្តិ ទោះជាយ៉ាងនេះក៏ដោយក៏ណាម ម៉ូរ៉ាក់ត្រូវប្រកួតជាមិត្តភាពកំដរសង្វៀនដែរ ព្រោះតែបំណាច់ខំស្កាត់ពីខេត្តដំបងមកហើយនោះ ។ ណាម ម៉ូរ៉ាក់ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់កូយ ឡាយក្លិបទ័ពឆ័ត្រយោង៩១១ដែរ។
អ្នកប្រដាល់កូយឡាយទើបតែដណ្ដើមបានពានរង្វាន់ ដែលអមដោយថវិកាចំនួន ៤.០០០ដុល្លារ ពីព្រឹត្តិការណ៍នេះដែរ ។ សូមបញ្ជាក់ថាការប្រកួតនេះទោះបីណាម ម៉ូរ៉ាក់ឈ្នះ ឬ ចាញ់ក៏គេមានកៅអី សម្រាប់ឡើងទៅប្រកួតជម្រុះបន្តនៅជុំទី៣ដែរ ។
កូយ ឡាយពិតជាខ្លាំងមែនគេបានប្រើកែងវាយណាម ម៉ូរ៉ាក់បណ្ដាលឲ្យរងរបួសចិញ្ចើមនៅចុងទឹកទី១ធ្វើឲ្យណាម ម៉ូរ៉ាកបង្ខំចិត្តបោះបង់ចោលការប្រកួតដោយមិនបន្តទៅទឹកទី២ទៀតឡើយ ទោះបីជាយ៉ាងណាក៏ណាម ម៉ូរ៉ាក់ត្រៀមខ្លួនឡើងទៅប្រកួតបន្ត នៅវគ្គជម្រុះជុំទី៣ទៀត ។
ចំពោះវ៉ែន ហុងជីវ៉ុងវិញបានយកឈ្នះអ្នកប្រដាល់សោម ស៊ីថៃ មកពីក្លិបអេភូថងកីឡាដោយពិន្ទុដាច់តែម្ដង បន្ទាប់ពួកគេប្រកួតគ្នា៣ទឹកពេញនោះ ។ស្ថានភាពនៃការប្រកួតរវាងអ្នកប្រដាល់ ទាំ២រូបនេះ ទោះបីបង្ហាញពីភាពស្វិតស្វាញក៏ពិតមែនតែវ៉ែន ហុងជីវ៉ុងមានប្រៀបលើស៊ីថៃតាំងពីដើមទឹកទី១មកម្ល៉េះ ។ស៊ីថៃគេវ៉ែចេញច្រើនក៏ពិតមែន តែរបៀបការពាររបស់គេខ្សោយជាហេតុធ្វើ ឲ្យជីវ៉ុងវ៉ៃចំគោលដៅបានច្រើន ចំពោះជីវ៉ុងវិញការវ៉ៃចេញរបស់គេមានប្រសិទ្ធភាពល្អ មិនតែប៉ុណ្ណោះប្រព័ន្ធការពាររបស់គេក៏រឹងមាំដែរ ។
ទោះបីស្ថិតក្រោមសម្ពាធនៃការវាយប្រហារច្រើន ពីជីវ៉ុងក៏ពិតមែនក៏ស៊ីថៃច្រាសសងវិញ ធ្វើឲ្យជីវ៉ុងមិនស្រួលខ្លួនប៉ុន្មានដែរ អ្នកប្រដាល់ទាំង២រូបនេះបន្ទាប់ពីប្រកួតច់ទឹកទី៣វ៉ែន ហុងជីវ៉ុងបានទទួលជ័យជម្នះដោយពិន្ទុ ។អ្នកប្រដាល់រូបនេះត្រៀមខ្លួនឡើងប្រកួត បន្តវគ្គជម្រុះជុំទី៣តទល់ជាមួយណាម ម៉ូរ៉ាក់ ។ចំពោះសោម ស៊ីថៃខ្ទាតចេញពីការប្រកួតតែត្រឹមនេះហើយ ៕ ដោយ៖លី ភីលីព