ភ្នំពេញ៖កីឡាការិនីទ្រីយ៉ាត្លុងកម្ពុជា ម៉ាហ្គ មរតក ហ្គារ៉ាប៊ិឌៀន ដណ្តើមបានមេដាយបា្រក់ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាលើឆ្នេរខ្សាច់ជើងឯកអាស៊ីលើកទី ៦ ឆ្នាំ២០២៦ “6th Asain Beach Games Sanya 2026” ខណៈកីឡាជឺជីតស៊ូ ឡើងវគ្គ១៦ ក្រុម នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ។

លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានប្រាប់តាមអនឡាញពីចិនថា កីឡាការិនីទ្រីយ៉ាត្លុងកម្ពុជា ម៉ាហ្គ មរតក ហ្គារ៉ាប៊ិឌៀន ដណ្តើមបានមេដាយបា្រក់ និងកីឡាករជឺជីតស៊ូ អូប៉េរ៉ាណា ខៃមុនី រីធាវឌ្ឍ ឡើងវគ្គ១៦ ក្រុម។

កម្ពុជាត្រៀមបញ្ជូនគណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការីនី ៤ ប្រភេទកីឡាមានចំនួន ៣២ រូបដើម្បីចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាលើឆ្នេរខ្សាច់ជើងឯកអាស៊ីលើកទី ៦ ឆ្នាំ២០២៦ “6th Asain Beach Games Sanya 2026” នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន ប្រទេសចិន។ ការប្រកួតនេះមាន ១៤ប្រភេទកីឡា និងប្រទេសចូលរួមប្រមាណ ៤៥ ក្នុងតំបន់អាស៊ីដែលមានកីឡាករ-កីឡាការិនីចំនួន ៣,៧៩៨នាក់ចូលរួម។
សម្រាប់កីឡា ៤ ប្រភេទដែលកម្ពុជាបញ្ជូនចូលរួមដូចជា កីឡាចំបាប់ កីឡាទ្រយ៉ាត្លុង កីឡាជីជឺតស៊ូ និងកីឡាបាល់ទាត់លើតុ ។ ប្រភេទកីឡាចំបាប់មានចំនួន ៨ នាក់ កីឡាទ្រយ៉ាត្លុងមានចំនួន ២ នាក់ កីឡាជីជឺតស៊ូមានចំនួន៥ នាក់ និងកីឡាបាល់ទាត់លើតុមានចំនួន ៧ នាក់ និងប្រធាន អនុប្រធានគណៈប្រតិភូ សរុបចំនួន ៣២ រូប។

ការប្រកួតកីឡាឆ្នេរខ្សាច់ជើងឯកអាស៊ី “Asain Beach Games” ត្រូវបានធ្វើឡើងជាលើកដំបូងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០០៨ បន្ទាប់មកព្រឹត្តិការណ៍នៅទីក្រុងមូស្កាត ប្រទេសអូម៉ង់ (២០១០) ទីក្រុងហៃយ៉ាង ប្រទេសចិន (២០១២) ទីក្រុងភូកេត ប្រទេសថៃ (២០១៤) និង ទីក្រុងដាណាង ប្រទេសវៀតណាម (២០១៦)៕
ដោយ៖លី ភីលីព





