ញូវយ៉ក ៖ នេះបើយោង តាមការប្រកាស របស់មន្ត្រីកាលពីថ្ងៃចន្ទ បានប្រាប់ឲ្យដឹងថា ទីក្រុងញូវយ៉កនឹងរៀបចំព្រឹត្តិការណ៍ ឥតគិតថ្លៃ ជាបន្តបន្ទាប់ សម្រាប់អ្នកគាំទ្របាល់ទាត់ដោយសង្ឃឹមថា នឹងទទួលបានបទពិសោធន៍ រំភើបនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ប៉ុន្តែមិនអាចទទួលបានតម្លៃសំបុត្រ ចូលទស្សនាការប្រកួតខ្ពស់នោះទេ យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today ។
ព្រឹត្តិការណ៍ទាំងនេះ តាមសង្កាត់នីមួយៗ នៃសង្កាត់ទាំង៥ របស់ទីក្រុង រួមបញ្ចូលពិធីជប់លៀងទស្សនាការប្រកួត និងពិធីបុណ្យផ្សេងៗទៀត។ ពួកគេនឹងត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌល Rockefeller ទីក្រុង Manhattan មជ្ឈមណ្ឌលវាយកូនបាល់ជាតិ Billie Jean King ទីក្រុង Queens ឧទ្យាន Brooklyn Bridge ទីក្រុង Brooklyn មជ្ឈមណ្ឌលផ្សារទំនើបមួយក្បែរកីឡដ្ឋាន Yankee ទីក្រុង Bronx និងកីឡដ្ឋានបេស្បលលីកតូចមួយនៅ Staten Island។
ព្រឹត្តិការណ៍អ្នកគាំទ្រដាច់ដោយឡែកមួយត្រូវបានគ្រោងទុកសម្រាប់កីឡដ្ឋាន Sports Illustrated ក្នុងទីក្រុង Harrison រដ្ឋ New Jersey ជាកន្លែងដែលក្រុម New York Red Bulls លេង នឹងត្រូវចំណាយអស់ ១០ ដុល្លារ។ ការប្រកួតបាល់ទាត់ពិភពលោក នឹងត្រូវលេងនៅកីឡដ្ឋាន MetLife ទីក្រុង New Jersey ជាកន្លែងដែលគ្រាន់ តែធ្វើដំណើរទៅ និងមកពីការប្រកួតដោយការ ដឹកជញ្ជូនសាធារណៈអាចចំណាយអស់ ១៥០ ដុល្លារ។
លោក Zohran Mamdani អភិបាលក្រុងញូវយ៉ក ជាអ្នកគាំទ្រ បាល់ទាត់ដ៏ល្បីល្បាញម្នាក់ បានប្រកាសពីព្រឹត្តិការណ៍ ឥតគិតថ្លៃនេះ រួមជាមួយអភិបាលក្រុងញូវយ៉ក លោកស្រី Kathy Hochul ជាសមាជិកបក្សប្រជាធិបតេយ្យម្នាក់ទៀត។
លោក Mamdani បាននិយាយថា អ្នកគាំទ្រគ្រប់រូប គួរតែអាចទស្សនាការ ប្រកួតដ៏អស្ចារ្យបំផុត នៅលើផែនដីដោយ មិនចាំបាច់សន្សំប្រាក់ ។ ព្រឹត្តិការណ៍អ្នកគាំទ្រ ស្រដៀងគ្នានេះកំពុងត្រូវបានគ្រោងទុក សម្រាប់ទីក្រុងម្ចាស់ ផ្ទះផ្សេងទៀតរបស់អាមេរិក៕
