កីឡា

លោក វ៉ាត់ ចំរើន ៖​ ទិវារត់ប្រណាំងភ្នំពេញ ពាក់កណ្តាលម៉ារ៉ាតុង អន្តរជាតិ ឆ្នាំនេះរំពឹង មានអ្នកចូលរួមអាច ៦០០០នាក់

ភ្នំពេញ៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គ លេខាធិការ គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា (NOCC) និងលោក សែម ផល្លា នាយកចាត់ការ ទូទៅ ទិវារត់ប្រណាំង នៅកម្ពុជា បានអញ្ជើញចូលរួមសន្និសីទ សារព័ត៌មានស្តីពីទិវារត់ប្រណាំង ភ្នំពេញ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី១៤ ឆ្នាំ២០២៦ នៅទីស្នាក់ការ NOCC រាជធានីភ្នំពេញ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានមានប្រសាសន៍ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី១៤ ឆ្នាំ២០២៦ គ្រោងនឹងរៀបចំឡើងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ទទួលបានការចុះឈ្មោះចូលរួមពីអ្នករត់ជាតិ-អន្តរជាតិប្រមាណ ៣០០០នាក់ ខណៈក្តីរំពឹងទុកនឹងអាចកើនឡើងដល់៥០០០ ដល់ ៦០០០នាក់ ។

លោកលើកឡើងថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី១៤ ឆ្នាំ២០២៦ គ្រោងនឹងរៀបចំឡើង នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដោយទីតាំងចេញដំណើរ និងដល់ទី រៀបចំនៅសួនច្បារមុខ វត្តបទុមវតី ជិតព្រះបរមរាជវាំង រាជធានីភ្នំពេញ ដើម្បីអបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ព្រះជន្ម ៩០ យាងចូល ៩១ ព្រះវស្សា រួមទាំងគោលដៅបន្តសកម្មភាពសប្បុរសធម៌ ដោយស្វែងរកមូលនិធិជួយមន្ទីរពេទ្យគន្ធបុប្ផា។ គោលបំណងពិសេសមួយទៀត គឺផ្សព្វផ្សាយពីកេរ្ដិ៍ឈ្មោះ និងទេសចរណ៍ក្នុងរាជធានីភ្នំពេញ ក៏ដូចជំរុញសកម្មភាពកីឡាដើម្បីសុខភាពរបស់ប្រជាពលរដ្ឋផងដែរ ។

លោក វ៉ាត់ ចំរើន បន្ថែមថា សម្រាប់ទិវា ពាក់កណ្តាលម៉ារ៉ាតុង នៅរាជធានីភ្នំពេញ ទទួលបានការគាំទ្រ ពីសាលារាជធានីភ្នំពេញ ហើយត្រូវរក្សាសុវត្ថិភាពខ្ពស់ដល់អ្នករត់ទាំងឡាយ ដោយសារតែចរាចរមមាញឹក ខ្លាំង ដូច្នេះការរៀបចំបិទផ្លូវ និងការថែរក្សាសុវត្ថិភាពជូន ដល់អ្នករត់ត្រូវលើកកម្ពស់ខ្លាំងណាស់ ។ `មកដល់ពេលនេះ គណៈកម្មការទទួលបានការ ចុះឈ្មោះពីអ្នករត់ជាតិ-អន្តរជាតិប្រមាណ ៣០០០នាក់ហើយ ខណៈរយៈពេលនៅសល់ មុនបិទបញ្ចប់ការចុះឈ្មោះកៀក នឹងការរៀបចំ នាព្រឹកថ្ងៃទី១៤ ខែឧសភា ខាងមុខនេះរំពឹងនឹងអាចទាក់ ទាញបានអ្នករត់ចូលរួមបន្ថែម អាចពី ៥០០០ ដល់៦០០០នាក់។

ជាមួយគ្នានេះ នាយកប្រតិបត្តិទិវារត់ប្រណាំងនៅកម្ពុជា លោក សែម ផល្លា បានគូសបញ្ជាក់ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិមាន៤វិញ្ញាសា គឺវិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុង ចម្ងាយ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និងរត់កម្សាន្តលក្ខណៈគ្រួសារ ២,៥គីឡូម៉ែត្រ។ ក្នុងនាមជាអ្នករៀបចំបច្ចេកទេសទិវារត់ប្រណាំង យើងតែងតែគិតគូដល់គុណភាពនៃការរៀបចំសុខសុវត្ថិភាពដល់អ្នករត់ជាតិ-អន្តរជាតិដែលគណៈកម្មការរៀបចំតែងតែគិតគូ និងរៀបចំជាកក្តាចម្បងខ្ពស់បំផុត។

លោក សែម ផល្លា បន្ថែមថា នេះជាព្រឹត្តិការណ៍ អន្តរជាតិ ដោយការវាស់វែងតម្រាយផ្លូវ ការបញ្ជាក់ និងការទទួលស្គាល់ ពីគណៈកម្មការម៉ារ៉ាតុងអន្តរជាតិ ដែលមិនមែនជាការរៀបចំទិវារត់កម្សាន្តផ្សេងៗឡើយ។ ក្រោយពេលបញ្ចប់ទិវានេះ គណៈកម្មការរៀបចំ របស់យើងនឹងផ្ញើជូនរបាយការណ៍ជូនទៅគណៈកម្មការម៉ារ៉ាតុងអន្តរជាតិ ដូច្នេះរាល់ការចូលរួមរត់ ប្រណាំងអន្តរជាតិមួយនេះ នាយកប្រតិបត្តិរូបនេះបានអំពាវនាវ ដល់មហាជនចុះឈ្មោះ ចូលរួមឱ្យបានច្រើនកុះករ និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមលើកតម្កើងគុណភាព នៃទិវានេះឱ្យត្រឹមត្រូវតាមស្តង់ដាអន្តរជាតិ សម្រាប់មុខមាត់ប្រទេសជាតិ របស់យើងផងដែរ ៕ដោយ៖លី ភីលីព

Most Popular

To Top