ភ្នំពេញ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ និងលោក កែ ប៊ុនខៀងរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ បាន អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយប្រតិភូកីឡារាជធានី ខេត្ត ចូលរួមការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាក្រោមការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡាសហការជាមួយសហព័ន្ធកីឡាជាតិទំាង ១២ ប្រភេទកីឡា។

ក្នុងឱកាសនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា លោក ដួង មាសចំរើន ជំនួយការក្រសួងអប់រំ យុវជន និងកីឡា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត ព្រមទាំងអ្នកតំណាងសហព័ន្ធកីឡាជាតិទំាង ១២ ប្រភេទកីឡា និងប្រតិភូកីឡារាជធានី ខេត្តទាំង ២៥ ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ មានប្រតិភូ អ្នកដឹកនាំក្រុម និងគ្រូបង្វឹកចូលរួមចំនួន ៦៤៧ នាក់ កីឡាករ កីឡាការិនី ចំនួន ២១៤៥ នាក់ លើវិញ្ញាសាសរុបចំនួន ៦២ វិញ្ញាសា ។ ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦នេះ យើងប្រើប្រាស់ទីលានចំនួន ១០ ទីតាំង៖ បាល់ទាត់ (វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វិទ្យាល័យច្បារអំពៅ វិទ្យាល័យ ជា ស៊ីម បឹងកេងកង និងវិទ្យាល័យជ្រោយចង្វារ) ។ បាល់ទះ (វិមានពហុកីឡដ្ឋានជាតិ វិទ្យាល័យវត្តកោះ ក្លឹបស្នងការដ្ឋាន រាជធានីភ្នំពេញ និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា) និងបាល់បោះ (ពហុកីឡដ្ឋានជាតិ និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា )។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា សូមអំពាវនាវឲ្យប្រតិភូកីឡារាជធានី ខេត្ត ទាំងអស់តាមដានការធ្វើដំណើររបស់គ្រូបង្វឹក និងក្មួយៗកីឡាករ-កីឡាការិនីត្រូវមកចូលរួមការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ តាមដំណាក់កាលៗ ដែលគណៈកម្មការរៀបចំការប្រកួត រៀបចំជូន។ ត្រូវការយកចិត្តទុកដាក់លើសុវត្ថិភាព និងសុខុមាលភាពកុមារជាអាទិភាពទី១។ ដោយសារកីឡាករជាកុមារកម្រិតបឋមសិក្សា ប្រតិភូត្រូវត្រួតពិនិត្យឲ្យបានហ្មត់ចត់លើការហូបចុកឲ្យមានអនាម័យ និងសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីបង្ការបញ្ហាសុខភាពក្នុងអំឡុងពេលប្រកួត។

លោករដ្ឋលេខាធិការបានបន្តថា ប្រតិភូកីឡារាជធានី ខេត្ត ត្រូវធានាសុវត្ថិភាពខ្ពស់ក្នុងការដឹកជញ្ជូនសិស្សានុសិស្សពីកន្លែងស្នាក់នៅ មកកាន់ទីលានប្រកួត និងពេលត្រឡប់ទៅវិញ។ការពង្រឹងស្មារតីកីឡា និងសីលធម៌ (Play Fair) ហើយត្រូវអប់រំកីឡាករតូចៗឲ្យយល់ថា ការប្រកួតគឺជាការវាស់ស្ទង់សមត្ថភាព និងការចងមិត្តភាព រវាងសិស្សានុសិស្សមកពីបណ្តាខេត្តផ្សេងៗគ្នា។ គ្រូបង្វឹក និងកីឡាករ ត្រូវគោរពតាមបទបញ្ជានៃការប្រកួត និងការសម្រេចរបស់អាជ្ញាកណ្តាល ចៅក្រម ដោយសេចក្តីថ្លៃថ្នូរបំផុត។

ចំណែកអត្តពលកម្ម (ពហុកីឡដ្ឋានជាតិ និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា) វាយកូនឃ្លីលើតុ (សាលប៊ូយ៉ុង ពហុកីឡដ្ឋានជាតិ) វាយសី (សហព័ន្ធកីឡាវាយសី ពហុកីឡដ្ឋានជាតិ) កីឡាតេក្វាន់ដូ WT (សាលប៊ូយ៉ុងពហុកីឡដ្ឋានជាតិ) ប៊ូល និងប៉េតង់ (ទីលានប៊ូល និងប៉េតង់ ពហុកីឡដ្ឋានជាតិ) គុនល្បុក្កតោ (សាកលវិទ្យាល័យភូមិន្ទភ្នំពេញ) ហែលទឹក (អាងហែលទឹកពហុកីឡដ្ឋានជាតិ) គុនដាវ (ផ្សារទំនើបអូឡាំព្យា) និងចំបាប់ (សាលកាយសម្ព័ន្ធ ពហុកីឡដ្ឋានជាតិ)៕
ដោយ៖ លី ភីលីព
