កីឡា

មន្រ្តីមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ទទួលស្វាគមន៍អត្តពលិក ចំបាប់វិលត្រឡប់មកប្រទេសជាតិវិញ បន្ទាប់ពីបញ្ចប់ការប្រកួតកីឡា “6th Asain Beach Games Sanya 2026” នៅចិន

ភ្នំពេញ ៖ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រុមគ្រូបង្វឹក គ្រូជំនួយ និង កីឡាករ កីឡាការីនីចំនួន ៨ នាក់ របស់សហព័ន្ធកីឡាចំបាប់កម្ពុជា បានវិលត្រឡប់មកប្រទេសជាតិវិញ ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាលើឆ្នេរខ្សាច់ ជើងឯកអាស៊ីលើកទី ៦ ឆ្នាំ២០២៦ “6th Asain Beach Games Sanya 2026” ដែលប្រព្រឹតទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ។

ក្នុងឱកាសវិលត្រឡប់មកប្រទេសជាតិវិញ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការីនីចំនួន ៨ នាក់ដោយមានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់៖លោក សំ សុខយី អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាតំណាងលោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោកស្រី កាង ណុចបវរ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា។

សហព័ន្ធកីឡាចំបាប់កម្ពុជា ត្រៀមបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការីនីចំនួន ៨ នាក់ដើម្បីចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា លើឆ្នេរខ្សាច់ជើងឯកអាស៊ីលើកទី ៦ ឆ្នាំ២០២៦ “6th Asain Beach Games Sanya 2026” តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ។ ព្រឹត្តិការណ៍ប្រកួតកីឡា លើឆ្នេរខ្សាច់ជើងឯកអាស៊ីលើកទី៦ នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ ៣០ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន ប្រទេសចិន ។ ការប្រកួតនេះមាន ១៤ប្រភេទកីឡា និងប្រទេសចូលរួមប្រមាណ ៤៥ ក្នុងតំបន់អាស៊ីដែលមានកីឡាករ-កីឡាការិនីចំនួន ៣,៧៩៨នាក់ចូលរួម ។

គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការីនីចំនួន ៨ នាក់រួមមានលោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកជម្រើសកីឡាចំបាប់កម្ពុជា លោកស្រី ចូវ សុធារ៉ា គ្រូជំនួយជម្រើសកីឡាចំបាប់កម្ពុជា កីឡាការិនី ជា កញ្ញា ប្រកួតលើប្រភេទទម្ងន់ក្រោម ៧០ កីឡូក្រាម កីឡាការិនី ជឿន សី្រឡាន ប្រកួតលើប្រភេទទម្ងន់ក្រោម ៦០ កីឡូក្រាម កីឡាការិនី ឌិត សំណាង ប្រកួតលើប្រភេទទម្ងន់ក្រោម ៥០ កីឡូក្រាម កីឡាករ ហេង វុទ្ធី ប្រកួតលើប្រភេទទម្ងន់ក្រោម ៩០ កីឡូក្រាម កីឡាករ ហេង រ័ត្តថា ប្រកួតលើប្រភេទទម្ងន់ក្រោម ៨០ កីឡូក្រាម និង កីឡាករឈឿន ឈាង ប្រកួតលើប្រភេទទម្ងន់ក្រោម ៧០ កីឡូក្រាម។

ការប្រកួតកីឡាឆ្នេរខ្សាច់ជើងឯកអាស៊ី “Asain Beach Games” ត្រូវបានធ្វើឡើងជាលើកដំបូងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០០៨ បន្ទាប់មកព្រឹត្តិការណ៍នៅទីក្រុងមូស្កាត ប្រទេសអូម៉ង់ (២០១០) ទីក្រុងហៃយ៉ាង ប្រទេសចិន (២០១២) ទីក្រុងភូកេត ប្រទេសថៃ (២០១៤) និង ទីក្រុងដាណាង ប្រទេសវៀតណាម (២០១៦)៕

Most Popular

To Top