ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រុមហ៊ុនឯកជន រៀបចំការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់កុមារក្រោមអាយុ ១២ ឆ្នាំ និង១៤ឆ្នាំ ឆ្នាំ២០២៦ ក្នុងគោលបំណង“ការពង្រឹង និងផ្តល់ឱកាស ដល់យុវជនជំនាន់ក្រោយ” និងការភ្ជាប់គ្នារវាងកីឡា សហគមន៍ និងអនាគត ពីព្រោះកីឡា បង្រៀនយើងអោយមានវិន័យ កីឡា បង្កើតអត្តចរិត កីឡា ភ្ជាប់មនុស្សជាមួយគ្នា ហើយនៅពេលដែលយើងមាន វេទិកាត្រឹមត្រូវវានឹងក្លាយជា ឱកាសដ៏មានអត្ថន័យសម្រាប់យុវជនក្នុងការលូតលាស់ និងរីកចម្រើន ។

នាថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៦ នេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ខេមបូឌា បានអញ្ជើញចូលរួមពិធីសន្និសីទសារព័ត៌មានស្តីពី“ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់កុមារក្រោមអាយុ ១៤ឆ្នាំ ឆ្នាំ២០២៦ នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជ( NOCC) ។

ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់កុមារក្រោមអាយុ ១២ ឆ្នាំ និង១៤ឆ្នាំ ឆ្នាំ២០២៦ មាន ៤ មណ្ឌល គឺមណ្ឌលភ្នំពេញ មណ្ឌលខេត្តបាត់ដំបង មណ្ឌលខេត្តសៀមរាប និងមណ្ឌលចុងក្រោយ គឺមណ្ឌលភ្នំពេញ ទំាវគ្គជម្រុះ និងផ្តាច់ព្រ័ត្រ ។ ការប្រកួតនៅមណ្ឌលនីមួយៗ គណៈកម្មការជ្រើសរើសយកក្រុមបាល់ទាត់កុមារក្រោម ១២ ឆ្នាំ ១៦ ក្រុម ជ្រើសរើសយកក្រុមបាល់ទាត់កុមារក្រោម ១៤ ឆ្នាំ ១៦ ក្រុមដូចគ្នាៗគ្រប់ទំាង ៤ មណ្ឌលតែម្តង។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និង កីឡា គាំទ្រយ៉ាងពេញទំហឹង សម្រាប់ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់កុមារក្រោមអាយុ ១២ ឆ្នាំ និង១៤ឆ្នាំ ឆ្នាំ២០២៦នេះ ។ ក្រុមហ៊ុនឯកជនជាដៃគូដ៏ដំបំផុតក្នុងការបំផុស និងធ្វើសកម្មភពកីឡា គ្រប់ប្រភេទ ប្រសិនបើគ្មានក្រុមហ៊ុនឯកជនទេ មិនអាចរៀបចំព្រឹត្តិការណ៍បានល្អប្រសើរឡើយ។ ពីព្រោះចលនាកីឡា គឺជាចលនាសង្គមមួយជួយអភិឌ្ឍនសង្គមផ្នែកសុខភាព សាមគ្គីភាព មិត្តភាព ស្មារតី ជាពិសេសការកសាងគុណភាពជីវិតមនុស្ស។

លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតនេះឆ្លុះ បញ្ចាំងពីគុណតម្លៃ នៃវិស័យធានារ៉ាប់រង នៅកម្ពុជា ពោលគឺការរួមចំណែកពង្រឹង សុខុមាលភាពនៅក្នុង សហគមន៍តាមរយៈវិស័យសុខភាព និងកីឡា ជាពិសេសគឺកីឡាបែបសហគមន៍។ មិនត្រឹមតែប៉ុណ្ណោះ គំនិតផ្តួចផ្តើមនេះសមស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ ២០២៤–២០២៨ក្នុងការលើកកម្ពស់វិស័យកីឡាជាវិស័យអាទិភាពមួយ ជាមួយនឹងពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» ព្រមទាំងមានការជំរុញនូវចលនា «ប្រជាជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត»។

លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា បានបន្តថា សកម្មភាពកីឡាមិនថាប្រភេទណាក៏ដោយ មិនត្រឹមជួយដល់សុខភាពរាងកាយ និងសុខភាពផ្លូវចិត្តប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងស្មារតីឯកភាព សាមគ្គីភាពរឹងមាំ បណ្ដុះស្មារតីមិនបោះបង់ និងភាពអត់ធ្មត់ សម្រាប់ប្អូនៗកុមារ ដែលនឹងជួយបណ្តុះធនធានសម្រាប់អនាគតកម្ពុជា។ តាងនាមឲ្យនិយ័តករ ធានារ៉ាប់រងកម្ពុជា ខ្ញុំបាទមានមោទនភាព និងគាំទ្រយ៉ាងពេញទំហឹងដល់ ការប្រកួតបាល់ទាត់ កុមារដើម្បីធានាថាគំនិត ផ្តួចផ្តើមមួយនេះឆ្លើយតបទៅនឹងអាទិភាពជាតិ ក៏ដូចជាស្របទៅតាមគោល ដៅអភិវឌ្ឍរបស់ក្រសួងអប់រំ យុវជន និងកីឡា៕




