ទីក្រុង Vancouver៖ លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ ទាត់ពិភពលោក “FIFA” បានបញ្ជាក់ជាថ្មីថា ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ នឹងលេងព្រឹតិ្តការណ៍ការប្រកួត កីឡាបាល់ទាត់ World Cup របស់ពួកគេ នៅសហរដ្ឋអាមេរិកតាមកាលវិភាគ ខណៈក្រុមអ្នកសម្របសម្រួល អំណាចបាល់ទាត់បានជួបគ្នានៅទីក្រុង Vancouver នៅថ្ងៃព្រហស្បតិ៍ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។
ការចូលរួមរបស់អ៊ីរ៉ង់ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ World Cup ឆ្នាំនេះនៅប្រទេសកាណាដា ម៉ិកស៊ិក និងអាមេរិក ត្រូវបានគ្របដណ្ដប់ដោយភាពមិនប្រាកដប្រជាចាប់ តាំងពីការផ្ទុះឡើងនៃសង្គ្រាមនៅមជ្ឈិមបូព៌ាក្នុងខែកុម្ភៈ បន្ទាប់ពីការវាយប្រហារដោយអាមេរិក និងអ៊ីស្រាអែល។
លោក Infantino បានបញ្ជាក់ម្តង ហើយម្តងទៀតថា អ៊ីរ៉ង់នឹងចូលរួមព្រឹត្តិការណ៍ World Cup បានគូសបញ្ជាក់ពីជំហរនោះ នៅពេលចាប់ផ្តើមសុន្ទរកថា របស់លោកទៅកាន់ប្រតិភូ ខណៈសមាជលើកទី ៧៦របស់ FIFA បានចាប់ផ្តើមនៅភាគខាងលិចប្រទេសកាណាដា។
លោក Infantino បានបន្តថា សូមឲ្យខ្ញុំចាប់ផ្តើម ដោយការចាប់ផ្តើម ដោយបញ្ជាក់ភ្លាមៗថា ជាការពិតណាស់អ៊ីរ៉ង់ នឹងចូលរួមក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ FIFA World Cup 2026។ ហើយជាការពិតណាស់ អ៊ីរ៉ង់នឹងលេង នៅសហរដ្ឋអាមេរិក។
ការកត់សម្គាល់របស់លោក Infantino ទទួលបានការគាំទ្រ យ៉ាងឆាប់រហ័សពីសម្ព័ន្ធមិត្តជិតស្និទ្ធ របស់អាមេរិក គឺប្រធានាធិបតីលោក Donald Trump ដែលបានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval Office ថា លោកយល់ព្រមជាមួយការចូលរួមរបស់អ៊ីរ៉ង់។
លោក Trump បាននិយាយថា ប្រសិនបើលោក Gianni និយាយដូច្នេះ ខ្ញុំយល់ព្រម។ ខ្ញុំគិតថាអនុញ្ញាតឲ្យពួកគេលេង។
មន្ត្រីអ៊ីរ៉ង់បានលើកឡើងពីគំនិត នៃការផ្លាស់ប្តូរការប្រកួតក្នុងពូល របស់ពួកគេពីសហរដ្ឋអាមេរិកទៅម៉ិកស៊ិក ប៉ុន្តែសំណើនោះត្រូវបានលោក Infantino បដិសេធរួចហើយ។ ស្ថិតក្នុងភាព ច្របូកច្របល់មួយទៀត កាលពីសប្តាហ៍មុន លោក Paolo Zampolli បេសកជនពិសេសអាមេរិក ដែលកើតនៅប្រទេសអ៊ីតាលី ត្រូវបានគេរាយការណ៍ថា បានលើកឡើងពីគំនិតនៃការផ្លាស់ប្តូរកៅអី World Cup របស់អ៊ីតាលី។
ក្រោយមក រដ្ឋាភិបាលអាមេរិកបានដកខ្លួនចេញពីសំណើនោះ ដោយលោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា កីឡាករអ៊ីរ៉ង់នឹងត្រូវបានស្វាគមន៍។ ប៉ុន្តែភាពតានតឹងជុំវិញការចូលរួម World Cup របស់អ៊ីរ៉ង់បានរង្គោះរង្គើចូលទៅក្នុងការរៀបចំសម្រាប់កិច្ចប្រជុំកំពូលថ្ងៃព្រហស្បតិ៍។
គណៈប្រតិភូអ៊ីរ៉ង់គឺជាសមាជិកតែម្នាក់គត់ដែលអវត្តមានពីសមាជមានសមាជិក ២១១ រូប ខណៈកិច្ចប្រជុំថ្ងៃព្រហស្បតិ៍បានចាប់ផ្តើមបន្ទាប់ពីការប៉ះទង្គិចជាមួយមន្ត្រីព្រំដែនកាណាដាកាលពីដើមសប្តាហ៍នេះ។ មន្ត្រីមកពីសហព័ន្ធបាល់ទាត់អ៊ីរ៉ង់ (FFIRI) បានចាកចេញពីប្រទេសកាណាដាភ្លាមៗបន្ទាប់ពីចុះចតនៅទីក្រុងតូរ៉ុនតូ ដោយបោះបង់ចោលដំណើរបន្តរបស់ពួកគេទៅកាន់ទីក្រុងវ៉ែនឃូវើរ៕
