វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកអាចនឹងកាត់បន្ថយវត្តមានយោធាអាមេរិកនៅក្នុងប្រទេសអេស្ប៉ាញ និងអ៊ីតាលី មួយថ្ងៃបន្ទាប់ពីលោកបានប្រកាសថា រដ្ឋបាលរបស់លោកកំពុងវាយតម្លៃលទ្ធភាព នៃការកាត់បន្ថយកងទ័ពនៅក្នុងប្រទេសអាល្លឺម៉ង់។
លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមាន នៅពេលសួរអំពីការកាត់បន្ថយដែលអាចធ្វើទៅបានថា “មែនហើយ ប្រហែលជានឹងធ្វើ”។
លោកបានលេីកឡេីងថា “ហេតុអ្វីខ្ញុំមិនគួរធ្វើ? ពិតណាស់ ប្រទេសអ៊ីតាលី មិនបានជួយអ្វីទេ។ ប្រទេសអេស្ប៉ាញ ពិតជាអាក្រក់ណាស់ ដោយរិះគន់សម្ព័ន្ធមិត្តអឺរ៉ុបម្តងទៀតចំពោះការមិនជួយក្នុងសង្គ្រាមអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។
លោក ដូណាល់ ត្រាំ បានរិះគន់ម្តងទៀតចំពោះអធិការបតីអាល្លឺម៉ង់លោក Friedrich Merz ដោយអះអាងថា លោក Merz “កំពុងធ្វើការងារដ៏អាក្រក់មួយ”។ កាលពីដើមសប្តាហ៍នេះលោក Merz បានលេីកឡេីងថា សហរដ្ឋអាមេរិក កំពុង “ត្រូវបានអ៊ីរ៉ង់ធ្វើឱ្យអាម៉ាស់”។
នៅក្នុងការបង្ហោះមួយនៅលើបណ្ដាញ Truth Social កាលពីថ្ងៃពុធ លោក ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិក កំពុងពិចារណាលើការកាត់បន្ថយកងទ័ពនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយការសម្រេចចិត្តនេះនឹងត្រូវបានធ្វើឡើងដោយមានការប្តេជ្ញាចិត្ត “ក្នុងរយៈពេលដ៏ខ្លីខាងមុខ”។
នៅថ្ងៃពុធផងដែរ លោក Merz បានព្យាយាមបន្ថយជម្លោះរបស់លោក ជាមួយលោក ត្រាំ ដោយលេីកឡេីងថា ទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោក ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកនៅតែល្អ ដោយអំពាវនាវឱ្យមានដំណោះស្រាយយ៉ាងឆាប់រហ័ស ចំពោះជម្លោះនៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈដែលប្រទេសអាល្លឺម៉ង់ និងអឺរ៉ុបកំពុងរងទុក្ខយ៉ាងខ្លាំងពីផលវិបាកនៃជម្លោះ៕
ប្រែសម្រួល ឈូក បូរ៉ា
